Saturday, September 18, 2021

ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ស្វាយរៀង ៖ នៅថ្ងៃទី១៨ ខែកញ្ញា  ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។  

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត  លោកប្រធាន  អនុប្រធាន  មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត  លោកប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត  លោកស្នងការនគរបាលខេត្ត  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត  លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង  លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យប្រជាពលរដ្ឋ ប្អូនៗក្មួយៗ  និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់លោមនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ  ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយក្មួយៗចូលរៀនឡេីងវិញនៅពេលខាងមុខនេះ ផងដែរ។  

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង  សម្រាប់កុមារ  ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ជូន  ចាប់ពីថ្ងៃទី១៨  ខែកញ្ញា  ឆ្នាំ២០២១នេះ  មានតាមពេលវេលា  និងទីតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល)  រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

១-  ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-  ស្រុកស្វាយទាប : មន្ទីរ ពេទ្យ បង្អែកស្វាយទាប

៥-  ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់ 

៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក  

៧-  ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស  -  មណ្ឌលសុខភាពអង្គតាសូ  - មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ  ឈេីទាល។  

៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក  -  មណ្ឌលសុខភាពអំពិល  -  មណ្ឌលសុខភាពអង្គប្រស្រែ។  

លោកអភិបាលខេត្ត ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអយុចាប់ពី១៨ឡេីង  មិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជេីញទៅទទួលចាក់អោយបានគ្រប់ៗគ្នានៅទីតាំងដែល រដ្ឋាបាលក្រុង-ស្រុកបានរៀបចំ កន្លងមក និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។ 

ទន្ទឹមនេះលោកក៏សូមអំពាវនាវដល់ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ  និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់  បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម  ហេីយក្រោយទទួលបានវ៉ាក់នេះរួចសូមបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕






No comments:

Post a Comment