Wednesday, September 08, 2021

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការការពារការចម្លងមេរោគកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងប្រុងប្រយ័ត្នការពុលចំណីអាហារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងសេចក្តីណែនាំដែលចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសរំលេចពីការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោកមិនទាន់ថមថយនៅឡើយ។ ដោយឡែកនៅកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ ចង្អុលបង្ហាញផ្លូវ បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ។

ទោះយ៉ាងនេះក្តី ក្រសួងសុខាភិបាល បានក្រើនរំលឹកថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋមិនត្រូវមានអារម្មណ៍ស្កប់ស្កល់ពេកនឹងអ្វីដែលជាសមិទ្ធផលដែលកម្ពុជាទទួលបាននេះទេ។ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ត្រូវតែបន្តរួបរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំលើចំណុចសំខាន់ៗចំនួន៤ចំណុច ដែលមានខ្លឹមលំអិតដូចក្នុងសេចក្តីជូនព័ត៌មានភ្ជាប់មកខាងក្រោមនេះ

No comments:

Post a Comment