Friday, September 10, 2021

សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

  សុន្ទរកថាទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា»

រាជធានីភ្នំពេញ តាមការថតវីដេអូចាក់ផ្សាយ, ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១


− ឯកឧត្តម ប្រមុខដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន;

− ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល;

− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី;

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បី កសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» ។ ជាការពិត, ពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ជាសក្ខីកម្ម​នៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើ​គ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន ។ ក្នុងស្មារតីនេះ, ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទចំពោះខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាចិន-អាស៊ាន និងខួបនៃការប្តេជ្ញាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន ។


ទន្ទឹមនេះដែរ, ជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតនូវកាលានុវត្ត-ភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន ។ ជាទិសដៅទៅអនាគត, ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុ- ភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ។


លើសពីនេះទៀត, ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ។


− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេស​ចិន ផងដែរ ។ ជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុង​ចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ ។


សម្រាប់កម្ពុជា, ទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ។ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ, រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។ ជាមួយគ្នានេះដែរ, ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់​សេវា សាធារណៈជួរមុខ ។


ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ, កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។ គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២១ នេះ ធៀបនឹងផែនការ, ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេច បានចំនួន ៨៦% និងដូសទី ១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន ៨១% ។ កម្ពុជានឹងអាច​សម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការ​ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ។ ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ, ជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ។


ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ នេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសសូមឱ្យបរវាសចៀសឆ្ងាយពីជំងឺកូវីដ-១៩ ៕

No comments:

Post a Comment