Monday, August 09, 2021

អភិបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ  និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ  ដល់ក្រោម១៨ឆ្នាំ  នៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ សាមណេ  ប្រជាពលរដ្ឋ ប្អូនៗក្មួយៗ  និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់ក្មួយៗ  ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ 

លោកអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង  សម្រាប់កុមារ  និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ  ដល់ក្រោម១៨ឆ្នាំដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩  ខែសីហា  ឆ្នាំ២០២១នេះតាមពេលវេលានិងទីតាំងដូចខាងក្រោម ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល រួមមាន៖

១-  ក្រុងស្វាយរៀង : សាលាបឋសិក្សាព្រះសីហនុ។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-  ស្រុកស្វាយទាប : សាលាបឋមសិក្សាសាមគ្គី

៥-  ស្រុករំដួល : សាលាបឋមសិក្សា  កូវ  សាមុត  កំពង់ចក។ 

៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក  

៧-  ស្រុកស្វាយជ្រំ : សាលាបឋមសិក្សារកា,សាលាបឋមសិក្សាស្វាយជ្រំ ,  សាលាបឋមសិក្សាឈូកមាស,  អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម  ។ 

៨-ស្រុករមាសហែក : សាលាបឋមសិក្សាព្រៃស្វាយ,   សាលាបឋមសិក្សាអណ្តូងពោធិ៍ ,  សាលាបឋមសក្សាស្វាយទន្ទឹម ,  សាលាបឋមសិក្សាដូង  ,សាលាបឋមសិក្សាជីកដី  ,សាលាបឋមសិក្សាក្រសាំង។  

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម  ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕






No comments:

Post a Comment