Friday, August 20, 2021

វិភាគអន្តរជាតិ៖ អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចមកអាស៊ាន ក្រោមស្រមោលនៃការដួលរលំរបស់អាហ្វហ្កានីស្ថាន

(សិង្ហបុរី)៖ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី មកកាន់តំបន់អាស៊ីក្នុងនាមជាអនុប្រធានាធិបតីអាមេរិក នៅចុងសប្ដាហ៍នេះ ជាមួយគម្រោងឈប់សំចតនៅក្នុងប្រទេសសិង្ហបុរី និងវៀតណាម។ លោកស្រី ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេស

ទាំង២នេះដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ, សេដ្ឋកិច្ច, ការងើបចេញពីវិបត្តិ COVID-19 ហើយពិសេសនោះគឺការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់តែម្ដងដែលនឹងក្លាយជា របៀបវារៈសំខាន់ជាងគេបំផុត។

ដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស ធ្វើឡើងនៅចំពេលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់នៃការស្ដារ ទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ។ ការឡើងកាន់អំណាចសាជាថ្មីរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិកបាន និងកំពុងបង្កឱ្យមាន ការរិះគន់ជាច្រើនចំពោះលោក បៃដិន។ បើតាមការគ្រោងទុក លោកស្រី ហារីសនឹងធ្វើដំណើរទៅដល់សិង្ហបុរីនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មុននឹងត្រូវបន្តដំណើរទៅកាន់ ប្រទេសវៀតណាមនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

ប៉ុន្តែថាតើការដួលរលំនៃរបបដឹកនាំអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកអាចនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ដែរឬទេ? ហើយថា តើវាអាចកែប្រែអ្វីខ្លះ ខណៈឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍កើនឡើងរឹតតែខ្លាំង។ ខាងក្រោមនេះគឺចំណុចសំខាន់ៗដែលគួរតែដឹងពីដំណើរទស្សនកិច្ចរបស់លោកស្រី អនុប្រធានាធិបតីអាមេរិក៖

* ហេតុអ្វីរើសយកវៀតណាម និងសិង្ហបុរី?

ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីមក សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកំពុងបន្តអនុវត្តតាមគោលនយោបាយផ្ដោតសំខាន់លើតំបន់ អាស៊ី ដែលជាកេរ្តិ៍តំណែលបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងបន្ទាប់ពីត្រូវបានកប់ចោលដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ គោលនយោបាយផ្ដោតសំខាន់លើតំបន់អាស៊ីរបស់រដ្ឋបាលលោក ចូ បៃដិនបានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍គឺជាស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលអាចជួយឱ្យ អាមេរិកត្រួតពិនិត្យការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ សារៈសំខាន់បែបនេះបានស្ដែងឡើងកាន់តែច្បាស់តាមរយៈដំណើរទស្សនកិច្ចរបស់

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman កាលពីពេលថ្មីៗនេះ។

ក៏ប៉ុន្តែ នេះមិនមែនមានន័យថាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែសំខាន់ សម្រាប់យុទ្ធសាស្ត្រអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិកនោះឡើយ ដោយមានប្រទេស អាស៊ានចំនួន ២ ត្រូវបានអាមេរិកចុចចំឈ្មោះនោះគឺវៀតណាម និងសិង្ហបុរី ដែលមានសារៈសំខាន់បំផុតចំពោះសេដ្ឋកិច្ចអាមេរិក ហើយត្រូវបានគេមើលឃើញថាមាន ទំនោរគាំទ្រអាមេរិកខ្លាំងជាងគេ ធៀបទៅនឹងប្រទេសអាស៊ាន ៨ផ្សេងទៀត។ សិង្ហបុរីប្រៀបបានដូចជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំតំបន់ដែលមានទៅដោយទីស្នាក់ការ ក្រុមហ៊ុនអាមេរិកធំៗប្រចាំអាស៊ី ដូចជាក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Google ជាដើម។ ចំណែកឯ វៀតណាមដើរតួនាទីកាន់តែសំខាន់សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាពិសេសការផ្គត់ផ្គង់បន្ទះឈីប «semiconductors» ខណៈក្រុមហ៊ុនបរទេសកាន់តែច្រើនបោះទុនវិនិយោគដំឡើងរោងចក្រក្នុងប្រទេសកុម្មុយនិស្ដមួយនេះ។

លោក Alan Chong ជាអ្នកសាស្ត្រាចារ្យជំនួយម្នាក់ផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Nanyang Technological មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាសហរដ្ឋអាមេរិកសម្លឹងឃើញវៀតណាម និងសិង្ហបុរី ច្រើនជាងប្រទេសអាស៊ានផ្សេងទៀត ដោយសារប្រទេសទាំង២នេះមានទំនោរជាវិជ្ជមានចំពោះ អាមេរិក។ លោកបញ្ជាក់ដូច្នេះថា៖ «នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាម និងសិង្ហបុរី គឺមានស្ថិរភាព និងមានទំនោរមិត្តភាពទៅរកអាមេរិកខ្លាំងជាងគេ... ហើយអាមេរិកវិញចង់ឱ្យរដ្ឋជាមិត្តនៅតាមបណ្ដោយទឹកដីចិន ប្រកាន់ជំហររឹងមាំស្របទៅតាមគោលនយោបាយរបស់ខ្លួន»។

* តើការដួលរលំរបស់អាហ្វហ្កានីស្ថាន ប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ឬទេ?

នៅពេលសេតវិមាន ប្រកាសពីគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស កាលពីខែកក្កដាកន្លងទៅ វាហាក់ដូចជាមិនមានការរំពឹងថារដ្ឋាភិបាល អាហ្វហ្កានីស្ថានត្រូវដួលរលំក្នុងរយៈពេលខ្លី មុននឹងដំណើរទស្សនកិច្ចនេះទាល់តែសោះ។ ការដួលរលំរបស់អាហ្វហ្កានីស្ថានក្រោមដៃតាលីបង់ បាន និងកំពុងបង្កឱ្យមាន

ការចោទសួរសំណួរជាច្រើនពាក់ព័ន្ធនឹងទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តខ្លួនឯង។ ស្រមោលនៃការដួលរលំរបស់អាហ្វហ្កានីស្ថាន នឹងតាមពីក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស។

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ចំពោះ សហរដ្ឋអាមេរិក ដោយមិនអាចយកទៅប្ដូរជាមួយអាហ្វហ្កានីស្ថានឡើយ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា៖ «យើងមានប្រទេសដៃគូរឹងមាំទាំងសេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកអស់រយៈពេលច្រើនជាង ៧០ឆ្នាំមកហើយ...យើងបានបង្កើនទំនាក់ទំនងសន្តិសុខជាមួយបណ្ដាប្រទេសទាំងនោះ ហើយពួកគេក៏ចង់ពួកយើង បង្កើនទំនាក់ទំនងសន្តិសុខបែបនេះដែរ»។ តែទោះជាបែបនេះក្ដី ចង់ ឬមិនចង់ ការដួលរលំរបស់អាហ្វហ្កានីស្ថានអាចនឹងធ្វើឱ្យបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្លាំងជាងមុន ឬអាចមើលអាមេរិកក្នុងផ្លូវផ្សេងមិនដូចមុនឡើយ បើទោះជាក្នុងរយៈពេលខ្លីគេមិនអាចវាយតម្លៃពីផលប៉ះពាល់ ក៏ដោយ។

* កិច្ចពិភាក្សាសេដ្ឋកិច្ចនឹងផ្ដោតទៅលើអ្វី?

លោក Alex Feldman ជាប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council) បាននិយាយថាកិច្ចព្រមព្រៀង ពាណិជ្ជកម្មឌីជីថល (Digital trade agreement) អាចនឹងក្លាយជារបៀបវារៈមួយផ្នែកសេដ្ឋកិច្ចដែលនឹងត្រូវយកមកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចរបស់

លោកស្រី ហារីស នៅវៀតណាម និងសិង្ហបុរី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលគឺជាកិច្ចព្រមព្រៀងមួយផ្ដោតជាសំខាន់លើសេដ្ឋកិច្ចឌីជីថលដែលកំណត់នូវច្បាប់ និងស្ដង់ដារពាណិជ្ជកម្មឌីជីថលនៅក្នុងចំណោមប្រទេសជាភាគីចូលរួម មានដូចជាការស្ដុកទុកទិន្នន័យឆ្លងដែន និងការគាំពារទិន្ន័យផ្ទាល់ខ្លួនជាដើម។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាអាមេរិកទំនងជាចង់យកមកជំនួសកិច្ចព្រមព្រៀងភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក (TPP) ដែលលោក ដូណាល់ ត្រាំបានដក អាមេរិកចេញកាលពីឆ្នាំ២០១៧។ បច្ចុប្បន្ន TPP បានក្លាយជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Progressive Agreement for Trans-Pacific Partnership ឬហៅកាត់ថា CPTPP) ដែលមានវៀតណាម សិង្ហបុរី ប្រ៊ុយណេ និងម៉ាឡេស៊ីក៏ជាសមាជិកផងដែរ។

* តើចិនមានប្រតិកម្មដូចម្ដេចចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស?

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានច្រានចោលការលើកឡើងថាដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីសនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ ចិនដែលមានស្រាប់នៅក្នុងតំបន់។ Global Times សង្កត់ធ្ងន់ដូច្នេះថា៖ «វានឹងមិនធ្វើឱ្យរង្គោះរង្គើរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ដែលត្រូវបានកសាងឡើងយ៉ាងរឹងមាំឈរលើ មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងចិន និងអាស៊ាននោះទេ»។

បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ៧៦ភាគរយនៃអ្នករៀបចំគោលនយោបាយ និងការគិតរបស់មេដឹកនាំ ក្នុងប្រទេសអាស៊ានទាំង១០ យល់ថាចិនគឺជាមហាអំណាចមានឥទ្ធិពលសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈមានតែ ៧ភាគរយប៉ុណ្ណោះគិតដូច្នេះលើ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានមើលរំលងតំបន់អាស៊ានជាយូរណាស់មកហើយ ជាពិសេសនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទំនាក់ទំនងរវាង អាស៊ាន និងអាមេរិកមិនសូវជាល្អនឹងគ្នាប៉ុន្មានទេ ហើយវាបានទុកឱកាសឱ្យចិនពង្រីកឥទ្ធិពល និងចូលរួមកាន់តែច្រើនជាមួយអាស៊ានរហូតដល់ក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ប្លុកមួយនេះ ខណៈតំបន់អាស៊ីទាំងមូលត្រូវបានក្រុមអ្នកវិភាគខ្លះអះអាងថាកំពុងពឹងផ្អែកលើសេដ្ឋកិច្ចចិនយ៉ាងខ្លាំង៕

ប្រភព៖ Nikkei (ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១)

(ដោយ៖ Fresh News)







No comments:

Post a Comment