Tuesday, August 10, 2021

កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បាន៨លាននាក់ហើយ, ជនទី៨លាន បានទៅលើស្ត្រីនៅខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ បាន៨លាននាក់ហើយ (សម្រាប់អ្នកមានវ័យ ១៨ឆ្នាំឡើង) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។ ជនទី៨លាន បានទីលើស្ត្រីជនជាតិឡាវ រស់នៅក្នុងខេត្តស្ទឹងត្រែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រ Facebook នៅយប់ថ្ងៃនេះយ៉ាងដូច្នេះ «នៅថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ បាន៨លាននាក់រួចហើយ គឺស្មើនឹង ៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣»។

សម្តេចតេជោ បានបន្ថែមថា «ដំណើរឆ្ពោះទៅរក ១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។

សម្តេចតេជោ បានបញ្ជាក់ថា ជនចាក់ទី៨លាន គឺបានទៅលើស្ត្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលជាអ្នកចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងនាំយកជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

ឆ្លៀតឱកាសនេះ សម្តេចតេជោ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយការខិតខំការពារខ្លួនតាមរយៈវិធានការ «៣ការពារ និង៣កុំ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាល ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃប៉ុណ្ណោះទេ។ តែសម្តេចក៏ជាមេដឹកនាំ ដែលបានផ្តល់កម្មវិធីលើកទឹកចិត្តសម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំងផងដែរ។

ក្នុងនោះមនុស្សចំនួន៧នាក់រួចមកហើយ ដែលជាជនចាក់វ៉ាក់សាំងទី១លាន, ២លាន, ៣លាន, ៤លាន, ៥លាន, ៦លាន និង ៧លាន ក៏បានទទួលបានការឧបត្ថម្ភថវិកា ១០លាន និងសម្ភារៈផ្សេងៗពីសម្តេចតេជោ។

ក្រៅតែពីជនទាំង៧នាក់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាជូនលោកយាយ លោកតា ដែលមានវ័យចាប់ពី ១០០ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងផងដែរ។ លោកយាយ លោកតា អាយុ ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងទទួលបានថវិកា ៣លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕





No comments:

Post a Comment