Friday, August 27, 2021

លោក ម៉ៅ ធនិន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមរួសរាន់មកទទួលការចាក់ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់បង្ការជំងឺកូវីដ១៩ សូមរួសរាន់មកទទួលការចាក់ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ព្រោះថានៅចុងខែសីហាឆាប់ៗខាងមុខនេះ ខេត្តពោធិ៍សាត់ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សស្ទើរទូទាំងខេត្ត  បានមកទទួលវ៉ាក់សាំងនេះរួចរាល់។

លោកបានអំពាវនាវបែបនេះ ក្នុងឱកាសចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ជូនដល់កូនក្មួយសិស្សានុសិស្ស និងយុវជន ដែលគ្រប់អាយុចាក់វ៉ាក់សាំង ចាប់ពី១២ឆ្នាំឡើង នៅមណ្ឌលមន្ទីរពេទ្យបង្អែកបាកាន, មណ្ឌលវិទ្យាល័យព្រះម្លូរ ក្នុងឃុំបឹងខ្នារ, មណ្ឌលអនុវិទ្យាល័យស្វាយដូនកែវ ក្នុងឃុំស្វាយកែវ និងមណ្ឌលអនុវិទ្យាល័យស្រះម្កាក់ ក្នុងឃុំអូរតាប៉ោង  ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ ជាច្រើននាក់ទៀត។

លោក ម៉ៅ ធនិន បានថ្លែងឱ្យដឹងថា ខេត្តពោធិ៍សាត់ គឺពិតជាមានភ័ព្វសំណាងណាស់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បានគ្រប់ចំនួនប្រជាពលរដ្ឋ ដែលគ្រប់អាយុចាក់ ដើម្បីឱ្យពួកគេមានអង់ទីគ័រការពារ។ ជាក់ស្តែងការចាក់វ៉ាក់សាំងនេះ គឺផ្តល់ឱ្យកូនក្មួយសិស្សានុសិស្សយើងមានឱកាសចូលរៀនក្នុងពេលដ៏ខ្លីខាងមុខបាន។ 

លោកអភិបាលខេត្ត បានបន្តថា វ៉ាក់សាំងនេះ គឺជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ដែលលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើដល់កូនក្មួយសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អសម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។ ជាងនេះទៅទៀត ត្រូវចូលរួមពាក់ម៉ាស និងបន្តអនុវត្តវិធានការ «៣កុំ, ៣ការពារ» និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ឱ្យបានឆាប់រហ័ស។

កូនក្មួយសិស្សានុសិស្ស ដែលមកទទួលវ៉ាក់សាំងនេះ ក៏ដូចជាអាណាព្យាបាលសិស្ស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តល់ជូនវ៉ាក់សាំង និងសូមឱ្យលោកនាយករដ្ឋមន្ត្រី មានសុខភាពល្អបរិបូណ៌ និងបន្តដឹកនាំប្រទេសឱ្យមានការរីកចម្រើនតរៀងទៅ៕





No comments:

Post a Comment