Monday, August 02, 2021

អភិបាលខេត្តកែប ដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កំពុងប្រឈមនឹងការមកដល់រលកទី៣

កំពត៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការមកដល់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។

ថ្លែងក្នុងយុទ្ធនាការនេះ អភិបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តន៍តាមខ្លឹមសារសារាចររបស់រាជរដ្ឋាភិបាលនេះ រដ្ឋបាលខេត្តកែប បានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកែប។ ក្នុងបម្រាមគោចរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំណត់ ដោយហាមនូវរាល់សកម្មភាពមុខរបរ ដែលមានការជួបជុំ ជាពិសេស ការលក់ ការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០នាទី  ដល់ម៉ោង០៣:០០នាទីព្រឹក ជាកំហិត។ 

លើសពីនេះ ដើម្បីពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តក៏បានបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តផងដែរ។

បន្ថែមពីនេះ  ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ដែលចូលមក កម្សាន្តក្នុងទឹកដីខេត្តកែប ឯកឧត្តមបានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន ឱ្យបានយល់ និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ សំដៅធានាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែបប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕




No comments:

Post a Comment