Tuesday, July 20, 2021

ពិធីសំណេះសំណាល និងពិនិត្យការធ្វើតេស្ត(Rapid Tes) រកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិនិត្យការធ្វើតេស្ដ(Rapid Tes) យកសំណាករកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ១៦០ នាក់ នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានអោយដឹងថា ការធ្វើតេស្តរហ័សយកសំណាកដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន១៦០ នាក់ដែលក្នុងនោះមកពីប្រតិបត្តិការសឹករងស្រុកបរិបូណ៌, កងវិរៈសេនាតូចលេខ១ និងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

មានមតិសំណេះសំណាលក្នុងឪកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ មិនត្រឹមតែចំពោះនាយទាហាន នាយទាហានរង និងពលទាហាននោះទេ គឺយើងជម្រុញឲ្យធ្វើគ្រប់អង្គភាពទាំងអស់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ ដោយឡែកប្រជាពលរដ្ឋ ដែលពួកគាត់មានមន្ទិលសង្ស័យ ឬមានអាការៈថាមានរោគសញ្ញានឹងមេរោគកូវីដ-១៩ ពួកគាត់អាចរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬក៏ទៅធ្វើតេស្ដនៅមន្ទីរពេទ្យខេត្ត។ 

លោក បានថ្លែងបញ្ជាក់ថា ការធ្វើតេស្ដនេះគឺជាការរួមចំណែកមួយដ៏ធំព្រោះអាចជម្រះមន្ទិលសង្ស័យ និងការពារខ្លួនឯងផង ព្រមទាំងបានចូលរួមការទប់ស្កាត់ជំងឺរីករាលដាលនៃកូវីដ-១៩ ទៅកាន់អ្នកដទៃ ជាពិសេសដើម្បីកាត់ផ្ដាច់ការចម្លងទៅកន្លែងផ្សេងៗទៀត ។

ជាយន្តការឆ្លើយតបការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានអំពាវនាវដល់នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការការពារឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់វិធានការក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារនិង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕





No comments:

Post a Comment