Monday, July 05, 2021

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងអគារមណ្ឌលសុខភាពកោះរ៉ុង ដែលកំពុងដំណើរការសាងសង់

ព្រះសីហនុ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងអគារមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ជាមួយនេះ  លោកក៏បានអញ្ជើញទៅមើលការសាងសង់អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុងផងដែរ ដែលទាំងអស់នេះគឺជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ។

សូមជម្រាបផងដែរថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ និងអគារមណ្ឌលសុខភាពកោះរ៉ុងសម្រេចបាន ១០០ភាគរយ។

បន្ទាប់ពីបានចុះពិនិត្យការការសាងសង់អគារទាំង៣ រួចមកលោកអភិបាលខេត្ត បន្តទៅពិនិត្យទីតាំងចាក់វ៉ាក់សាំង ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់កោះរ៉ុង។

លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ប៉ុន្តែត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ ៣កុំ ៣ការពារ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ ៕








No comments:

Post a Comment