Friday, July 02, 2021

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១  ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។ 

សូមជម្រាបថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ-១៩ រួមមាន ការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុលជាដើម។

ជាកិច្ចចាប់ផ្ដើម លោក ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនៈភាពនៃខេត្តកំពង់ឆ្នាំង ថា ការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ តាមរយៈអនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្តនានា ដែលជាគោលបន្ទាត់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

លោកបន្ដថា អស់រយៈ ៨ឆ្នាំ (២០១៣-២០២១) បានធ្វើជាអភិបាលខេត្តកំពង់ឆ្នាំង លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ឧត្តុង្គឧត្តមបំផុត គោរពជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តលើរូបលោក។

យោងព្រះរាជក្រឹត្យលេខនស/រកត/០៦២១/៤៩៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការតែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ព្រះរាជក្រឹត្យលេខនស/រកត/០៦២១/៤៩២ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការតែងតាំងលោក ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង អនុក្រឹត្យលេខ ៣០៧ អនក្រ.តត ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការផ្ទេរភារកិច្ចលោកនៃ ចារី ពីអភិបាលរងខេត្តកណ្ដាលឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានប្រគល់ព្រះរាជក្រឹត្យ ត្រារដ្ឋបាលខេត្ត និងអនុក្រឹត្យជូនលោក ស៊ុន សុវណ្ណារិទ្ធិ ដើម្បីមុខការទទួលខុសត្រូវលើតួនាទីភារកិច្ច។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរារដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ជំនឿទុកចិត្តដល់លោក ឲ្យទទួលបានភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងតួនាទីជាអ្នកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ឱកាសឲ្យលោកចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដា្ឋនឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាងនេះទៅទៀត អភិបាលខេត្តកំពង់ឆ្នាំងថ្មី ក៏បានប្ដេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានាព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ខេត្តកំពង់ឆ្នាំង និងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕








No comments:

Post a Comment