Monday, July 26, 2021

ប្រជាពលរដ្ឋនៅស្រុកចំនួន៣ទៀតនៃខេត្តក្រចេះ បន្តទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្រចេះ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងលោក គង់ គឹមនី អភិបាលរងខេត្ត ចុះជួបសំណេះសំណាល ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣គឺស្រុកចិត្របុរី ស្រុកស្នួល និងស្រុកសំបូរ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការអនុវត្តផែនការជំហានយុទ្ឋសាស្រ្តប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ 

នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងនោះដែរ ថ្នាក់ដឹកនាំខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលបានស្មគ្រ័ចិត្តចូលរួមយ៉ាងផុលផុសក្នុងការមកទទួលវ៉ាក់សាំងការពារខ្លួន គ្រួសារ និងសង្គមជាតិ ហើយដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្តផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ បើទោះបីជាឋិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។ 

លោក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ-១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំងគឺងាយស្រួលក្នុងការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ។

ម្យ៉ាងវិញទៀត បើទោះបីជាបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ-១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។ 

ក្នុងនោះដែរ លោកក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត ត្រូវណែនាំដល់ពួកគាត់ឱ្យពាក់ម៉ាស លាងដៃ និងអាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញ ៕








No comments:

Post a Comment