Friday, June 04, 2021

លោក វ៉ា ថន កោតសរសើរដល់សប្បុរជននានា និងដៃគូអភិវឌ្ឍបានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យ តាមរយៈការកសាងអគារសិក្សាថ្មី

 ក្រចេះ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេតត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា១ខ្នង ៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន ស្ថិតនៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក វ៉ា ថន បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកិច្ចខំប្រឹងប្រែង និងសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួមគាំទ្រអភិវឌ្ឍន៍ និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយនូវមធ្យោបាយមកសិក្សា និងជាការបង្ខិតសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ដែលស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកបាន អំពាវនាវដល់ដៃគូអភិវឌ្ឍ សហគមន៍មូលដ្ឋាន និងសប្បុរសជននានា ឲ្យជួយចូលរួមគាំទ្របន្ថែមនៅតំបន់ផ្សេងៗទៀត នៅក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខបានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាលសម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន ។ ដោយឡែកការអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

នៅក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ និងបានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ៕






No comments:

Post a Comment