Monday, June 21, 2021

សោភ័ណភាពពណ៌ខៀវស្រងាត់ចាប់ផ្ដើមលេចមុខបណ្តើរៗនៅបរិវេណមុខព្រះលានជល់ដំរី

 សៀមរាប៖ បច្ចុប្បន្នបរិវេណមុខព្រះលានជល់ដំរី បាននិងកំពុងចាប់ផ្តើមប្រែមុខមាត់ថ្មី បន្ទាប់ពីអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង សួនស្មៅ ដាំដើមឈើ។ ការកែលម្អនេះ គឺឱ្យស្របទៅលំនាំប្រាសាទបុរាណដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខ ព្រះលានជល់ដំរី នេះមានទេសភាពល្អ និងសោភ័ណភាព បៃតងទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនាក្រោយបញ្ចប់ជំងឺកូវីដ -១៩ នាពេលខាងមុខ។

ការរៀបចំ លែងឱ្យមានចរាចរណ៍យានយន្តលើគន្លងផ្លូវចាស់ ដោយជំនួសផ្លូវវាងថ្មីនេះ បានរួមចំណែកសំខាន់ក្នុងការបញ្ជៀសកុំឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែភាពរំញ័រ នៃគ្រឿងយន្ដ ហេតុដូច្នេះទើបអាជ្ញាធរជាតិអប្សរាកែលម្អឡើងវិញដោយធ្វើផ្លូវ ថ្មើរជើង សម្រាប់ ដើរទស្សនាប្រាសាទ និងដើម្បីលើកតម្កើងថែរក្សាអភិរក្សវប្បធម៌ជាតិ ។ លោកអ្នកអាចឃើញ នូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាក្រុងអង្គរធំ ក្រោយពីទីតាំងនេះមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខ ព្រះលានជល់ដំរី ដែលបានរៀបចំរចនាសម្ព័ន្ធផ្លូវថ្មើរជើង សួនស្មៅ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៕





No comments:

Post a Comment