Wednesday, May 19, 2021

TOP NEWS: ទីតាំងភូមិសាស្ដ្រ ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈតំបន់ក្រហមលែងមានទៀតឡើយ (Map inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ «តំបន់លឿងទុំ» និង «តំបន់លឿង» ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ។
ក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ បានបង្ហាញទីតាំងមួយចំនួនដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» រួមមាន៖

* ផ្នែកខ្លះ នៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយជឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
* ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
* ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
* ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
* ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខួរនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោ «តំបន់លឿងទុំ» ត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយត្រូវអនុលោមតាមគោលការណ៍ដូចខាងក្រោម៖

* «តំបន់លឿងទុំ» ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយអនុលោមតាមប្រការ៤ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿងៗ សម្រាប់រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

* ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាន នៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់ នៃប្រភពចម្លងជំងឺកូវីដ-១៩

* ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬ អគារ ឬអាជីវកម្មដ្ឋាន ឬ ជាច្រកផ្លូវ ឬ ជាប្លុកតូចៗនោះ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា វិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃបន្ដទៀត ដោយមិនមានតំបន់ក្រហម ហើយតំបន់លឿងទុំ មានតិចតួចនោះ គឺបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

No comments:

Post a Comment