Thursday, May 06, 2021

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៥ថ្ងៃចាក់បានជិត ២០ម៉ឺននាក់ ពលរដ្ឋសម្តែងការរីករាយ និងអរគុណរាជរដ្ឋាភិបាល

 រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត២០ម៉ឺននាក់ហើយ។ យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៨,៨៤៨នាក់ ស្រី ២៥,៣៨១នាក់។ សរុប៥ថ្ងៃចាក់បានចំនួន ១៩៦,០៦៦នាក់ ស្រី ១០២,៣៣៨នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៤១,៤៥១នាក់ ខណ្ឌដង្កោ ចាក់បាន ៤៧,៦៥២នាក់ ខណ្ឌកំបូល ចាក់បាន ៣៤,៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៧២,០៩៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ មានដំណើរការល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនផងដែរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា ដើម្បីបង្កើនការចាក់ឱ្យសម្រេចតាមផែនការលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យបង្កើនទីតាំងមួយចំនួនបន្ថែម និងបានបង្កើនក្រុមគ្រូពេទ្យចាក់ច្រើនជាងមុនផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។ ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩នាក់៕







No comments:

Post a Comment