Thursday, April 01, 2021

ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

 ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំានៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះវិធានការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា។ លោកលើកឡើងថា កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។

លោកបានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកស្រី Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

លោកប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ចំពោះទំនាក់ទំនងរដ្ឋសភាកម្ពុជា និងហ្វីលីពីន មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន លើវិស័យការទូតសភានៅក្នុង វេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។ សភាប្រទេសទាំងពីរ ក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភាកម្ពុជា លោកបានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងហ្វីលីពីន លើវិស័យជាច្រើន នៅក្នុងនោះប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ ។

ជាចុងបញ្ចប់ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕








No comments:

Post a Comment