Monday, December 14, 2020

ថ្ងៃស្អែកលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់លោក ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ លោកនាយករដ្ឋមន្រ្ដីក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។

ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» វិញ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ (ស្រី១៩នាក់ និងប្រុស ២១នាក់)។ តែរយៈពេលបីថ្ងៃចុងក្រោយនេះ មិនមានអ្នកវិជ្ជមានថ្មីនោះឡើយ ៕




No comments:

Post a Comment