នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោក យ៉ាង ប៉ាយហ្វុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SEAPAY ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការងារប្រមូលព័ត៌មាន និងទិន្នន័យ ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មី តាមប្រព័ន្ធ Satellite។ ក្នុងជំនួបពិភាក្សា លោក យ៉ាង ប៉ាយហ្វុង បានមានប្រសាសន៍ថា ក្រុមហ៊ុន Sea Pay ជាក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាកម្មផ្នែក ទិន្ន័យ និងព័ត៌មាន ការប្រមូលទិន្ន័យ ការបង្កើតបច្ចកវិទ្យាថ្មីក្នុងការប្រមូលព័ត៌មាននិងទិន្ន័យ ការវិភាគទិន្ន័យ និងផ្ដល់សេវាកម្មប្រព័ន្ធ Satellite System ។
លោក យ៉ាង ប៉ាយហ្វុង បានបន្តថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុសារណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ រវាងក្រសួងផែនការ និងការិយាល័យគម្រោងអង្គការសហប្រជាជាតិសម្រាប់រដ្ឋបាលជាតិនៃការអង្កេត ផែនទី និងព័ត៌មានភូមិសាស្រ្តរបស់ប្រទេសចិន (China-UN Cooperation Center for Geographic Information Technology and Management) រួចមក ស្ថានភាពការងារត្រូវបានអាក់ខាន ដោយសារមានការផ្លាស់ប្តូរសមាសភាពក្រុមការងារនៅខាងភាគីចិន។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Sea Pay នឹងជាក្រុមហ៊ុនទទួលខុសត្រូវបន្តពីក្រុមហ៊ុន Tian Di Tu, ដែលបានចុះហត្ថលេខាជាមួយក្រសួងផែនការ កាលពីឆ្នាំ២០១៧ ហើយក្រុមហ៊ុនរៀបចំដំណើការឡើងវិញ រួមទាំងផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ហេកវិទ្យាថ្មីដល់មន្ត្រីក្រសួងផែនការសម្រាប់បម្រើការការងារសង្កេតទីតាំងភូមិសាស្ត្រ ព័ត៌មានភូមិសាស្ត្រ និងទិន្នន័យដែលភាគីចិនផ្តល់តាមរយៈផ្កាយរណប។
ជាការឆ្លើយតប លោក ឆាយ ថន បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានសហការ និងបានអនុវត្តសកម្មភាពកន្លងមក ហើយការងារនេះផងដែរ ក្រសួងផែនការ ក៏បានទទួលសិទ្ធប្រទានពីសម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ដំណើការអនុវត្តន៍ការងារនេះផងដែរ។ លោក ក៏បានលើកឡើងពីសារៈប្រយោជន៍អំពីទិន្នន័យទាំងនេះដែលទៅថ្ងៃមុខ អាចជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសតាមតំបន់ទីក្រុងឱ្យក្លាយជាទីក្រុងឆ្លាតវៃផងដែរ។
ជាទីបញ្ចប់ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការបន្តកិច្ចសហការ និងរៀបចំយន្តការការងារមួយដើម្បីបន្តនិងអនុវត្តការងារនេះជាមួយគ្នាដើម្បីសម្រេចបាននូវភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ជូនរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ៕
No comments:
Post a Comment