Friday, June 05, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា


នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺបានសង់ឡើងនៅលើផ្ទៃដីទីតាំងអគារគណបក្សចាស់ ដែលមានទំហំដីប្រមាណ ១.៦ហិកតា ដែលមានកម្ពស់៥ជាន់។ ទំហំសំណង់អាគារគឺប្រមាណ ៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់បាន៩៥%ហើយ។ អគារដ៏ធំស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។
ការកសាងអគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់លោក សាយ ឈុំ ។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រទទឹង៧៤ ម៉ែត្រកម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនយើងអាចចតរថយន្តបាន៣០០គ្រឿង។ នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់។
អគារនេះមានកម្ពស់០៥ ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។ អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់ ប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។ ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣៤៧០ នាក់ផងដែរ។
ចំពោះសោភ័ណភាពនៃការឌីហ្សាញអាគារនេះជារួមគឺមានរចនាបថថ្មីហៅថា រចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នាគឺ ទី១)រចនាបថប្រាសាទអង្គរវត្ត ទី២) រចនាបថបន្ទាយស្រី និងទី៣) រចនាបថកណ្ដាល ហើយបានរួមបញ្ចូលគ្នាយើងហៅថា “ រចនាបថរួមសម័យ” ។ វត្តមានអគារដ៏ធំស្កឹមស្កៃនេះគឺបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕

























No comments:

Post a Comment