Saturday, June 06, 2020

លិខិតមិត្តអ្នកអាន៖ «សូមមើលមុខសារព័ត៌មាននិងអង្គការសិទ្ធិមនុស្សលាក់ពុត! »

ប្រភព៖ អ្នកនយោបាយតុកាហ្វេ

បណ្តាញផ្សាយព័ត៌មានដែលទទួលលុយពីបរទេសលោកខាងលិច ហើយដែលតែងអួតអាងថា ជាស្ថាប័នឯករាជ និងហ៊ាននិយាយការពិត ហើយតែងតែចោទបណ្តាញសារព័ត៌មានក្នុងស្រុកថា លម្អៀង និងគាំទ្ររដ្ឋាភិបាលនោះ ឥឡូវនេះដល់ពេលតម្រិះជិះកឯងហើយ។ កន្លងទៅ ក្រុមសារព័ត៌មានទាំងនោះតែងតែចង្អុលចោទប្រកាន់គេឯងថា មិនឯករាជ ទ្រនេះទ្រនោះ ថាគេនិយាយការពារមិននិយាយការពិត។ល។ ប៉ុន្តែ ពួកគេភ្លេចគិតថា នៅពេលដែលម្រាមមួយចង្អុលទៅគេ មានម្រាម៤ទៀតដែលកំពុងង្អុលមកខ្លួនឯង។

ឆ្លងកាត់ព្រឹត្តិការណ៍ប៉ុន្មានខែចុងក្រោយនេះ ពោល គឺចាប់តាំងពីមេរោគកូវីដ១៩ រាតត្បាតពេញពិភពលោកមក ជាពិសេសព្រឹត្តិការណ៍ហិង្សានៅសហរដ្ឋអាមេរិកចុងក្រោយនេះ ប្រៀបបាននឹងសាជូរដែលដាក់ក្នុងទឹកល្អក់ឲ្យរងថ្លាអាចមើលឃើញដល់បាតពាង។ សារព័ត៌មានដែលលាក់ពុតពីមុនក៏លាក់លែងជិតដែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលជាគូកននឹងគ្នា បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ។ ការនិយាយបែបនេះ គឺដើម្បីការពាររូបភាពប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃនេះ។

បើនៅកម្ពុជាវិញ ព្រឹត្តិការណ៍អ្វីមួយកើតឡើង វិទ្យុអាស៊ីសេរី និងប្រេដអាដាមតែងតែចោទទម្លាក់កំហុសទៅលើសមត្ថកិច្ចទាំងមូល ឬទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តងថា ជាអ្នកនៅពីក្រោយខ្នងជាដរាប។  ហេតុអ្វីបានជាពួកគេប្រើភាសាខុសគ្នា? គឺមកពីម្ខាងពួកគេចង់ការពារប៉ូលិសអាមេរិក និងម្ខាងទៀតចង់មួលបង្កាច់ទម្លាក់កំហុសលើរដ្ឋាភិបាលកម្ពុជា។ នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីចេតនាទុច្ចរិតរបស់ពួកលាក់ពុត។

ដោយសារចរិតមិនកែប្រែក្នុងការទម្លាក់កំហុសទៅលើមេដឹកនាំកម្ពុជា និងការពារមេដឹកនាំអាមេរិកដែលជាចៅហ្វាយរបស់ខ្លួន  ជុន ច័ន្ទបុត្រ និងប្រេដ អាដាម និយាយទៀតថា មេដឹកនាំអាមេរិកមិនបានបញ្ជាឲ្យប្រើហិង្សាដូចនៅកម្ពុជាទេ។

ប៉ុន្តែ ជុន ច័ន្ទបុត្រ និងប្រេដ អាដាម បានឃើញទេ បានស្តាប់ទេ អ្វីដែលប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសជាសាធារណៈថា អ្នកបង្កអំពើហិង្សានឹងត្រូវបាញ់សម្លាប់។  
អ្វីដែលគួរឲ្យអស់សំណើចជាងនេះ ជុន ច័ន្ទបុត្រ និង ប្រេដ អាដាម បានអះអាងថា ប៉ូលលិសអាមេរិក​មិនបានប្រើហិង្សាលើបាតុករទេ ផ្ទុយទៅវិញ ប៉ូលិសថែមទាំងជួយសម្រួលដល់ក្រុមបាតុករទៅវិញទេតើ។

ប៉ុន្តែ សួរថា តើជុន ច័ន្ទបុត្រ និង ប្រេដ អាដាម មិនបានឃើញទេឬអំពើហិង្សាដែលប៉ូលិសអាមេរិកប្រើទៅលើក្រុមបាតករ។ ប៉ូលិសបានចាប់ចងស្លាកសេកមនុស្សរណូករណែលពេញផ្លូវ, ប៉ូលិសវាយទៅលើបាតុករ មានទាំងបាតុករជាស្ត្រីផងឲ្យដួលក្រឡាប់ផ្កាប់ផ្ងារទៅលើដី, ប៉ូលិសបើកឡានបុកក្រុមបាតុករប៉ើងដូចក្រដាស់, ប៉ូលិសបាញ់គ្រាប់ជ័រ ម្រេច និងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលគេផ្សាយពេញពិភពលោក។

នេះឬដែលហៅថា អ្នកសារព័ត៌មានឯករាជ និងអង្គការសិទ្ធិមនុស្សឯករាជ ដែលនិយាយការពិត មិននិយាយការពារ? មិនត្រឹមតែ និយាយការពារអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែ ជុន ច័ន្ទបុត្រ និងប្រេដ អាដាម ថែមទាំងបាននិយាយភូតកុហកទាំងភ្នែកស្រស់ទៀតផង។ តើឯណាទៅវិជ្ជាជីវៈអ្នកសារព័ត៌​មាន និងវិជ្ជាជីវៈអ្នកការពារសិទ្ធិមនុស្ស?

ងាកទៅមើល ខេមបូឌា ដេលី ដែលធ្លាប់លួចពន្ធរដ្ឋរាប់សែនដុល្លារ ហើយដែលបច្ចុប្បន្នកំពុងផ្សាយលើអនឡាញដោយចាយលុយអាមេរិកដែរនោះ កាសែតនេះក៏ជាអ្នកនិយាយកុហក និងនិយាយការពារ មិនហ៊ាននិយាយការពិតយ៉ាងជំនាញណាស់ដែរ។ ដោយសារតែខ្លាចគេរិះគន់ថា មិនផ្សាយរឿងនៅអាមេរិក កាសែតនេះពិតជាបានលើកយកព្រឹត្តិការណ៍ខ្លះៗមកផ្សាយដែរ ប៉ុន្តែ ផ្សាយត្រឹមព្រឹត្តិការណ៍សុទ្ធសាធដោយមិនហ៊ានថែមថយ បញ្ចេញបញ្ចូលដូចដែលពួកគេផ្សាយអំពីកម្ពុជានោះឡើយ។ ដើម្បីអួតអាងបន្លំភ្នែកអ្នកស្តាប់របស់ខ្លួន កាសែតអនឡាញមួយនេះខំប្រកាសក្តែងៗថា ខ្លួនជាស្ថាប័នឯករាជ ឥតលម្អៀង ដែលផ្សាយ និយាយតែការពិតដោយឥតភ័យខ្លាច និងឥតយោគយល់​។

ប៉ុន្តែ នៅពេលសរសេរព័ត៌មានពីអំពើហិង្សានៅសហរដ្ឋអាមេរិក អ្នកសារព័ត៌មានទាំងពីររូបគឺ ហាស់ សាន និង តាំង សារ៉ាដា មិនដែលហ៊ានប្រើពាក្យធ្ងន់សូម្បីតែមួយម៉ាត់ ដោយគ្រាន់តែសរសេរតាមហេតុការណ៍ដែលកើតឡើង និងដកស្រង់សម្តីខ្លះៗមកនិយាយតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅពេលផ្សាយពីកម្ពុជា ស្ថាប័នកាសែតដែលមានគ្នាតែពីរនាក់គត់នេះ បានប្រើពាក្យពេចន៍ដែលចេញពីអារម្មណ៍របស់ខ្លួនលាយឡំជាមួយព័ត៌មានដែលខុសទាំងស្រុងទៅនឹងវិជ្ជាជីវៈសារព័ត៌មាន។ ពួកគេតែងប្រើគុណនាមធ្ងន់ៗដើម្បីដៀលត្មេះរដ្ឋាភិបាល ឬមន្ត្រីរដ្ឋាភិបាលដោយឥតញញើតតាមរយៈការប្រើពាក្យអាក្រក់ៗពេញៗមាត់ ដូចជាពាក្យថា ជនផ្តាច់ការ សាហាវ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ និងពាក្យអាក្រក់ៗជាច្រើនទៀត ដែលវិជ្ជាជីវៈសារព័ត៌មានហាមប្រាមមិនឲ្យប្រើពេលសរសេរព័ត៌មានលើកលែងតែដកស្រង់សម្តីពីគេ។ ដូច្នេះ ឯណាទៅពាក្យថា ឯករាជ ឥតលម្អៀង និយាយតែការពិត ឥតភ័យខ្លាច និងឥតយោគយល់ដូចដែលពួកគេបានស្រែកក្តែងជារៀងរាល់ថ្ងៃនោះ?

ងាកទៅមើលឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឯណោះវិញ ក្នុងសេចក្តីថ្លែងការណ៍គម្រប់កិច្ចរបស់ខ្លួន ក៏មិនហ៊ានស្តីបន្ទោសខ្លាំងៗទៅលើរដ្ឋាភិបាលអាមេរិកដូចដែលពួកគេធ្លាប់បានធ្វើមកលើកម្ពុជានិងបណ្តាប្រទេសតូចតាចផ្សេងទៀតនោះដែរ។ សេចក្តីថ្លែងការណ៍របស់លោកស្រី មីសែល បាសឺឡេ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្រៅពីបានលើកឡើងបែបស្រាលៗទៅលើអំពើហិង្សាទាំងនោះ ក៏ប្រញាប់ងាកមកផ្តោតលើអំពើរើសអើងជាតិសាសន៍ទៅវិញដើម្បីបង្វែរការចាប់អារម្មណ៍។

សរុបទៅ វាដល់ពេលហើយដែលយើងត្រូវនាំគ្នាបកស្បែកមុខក្រុមសារព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្សលាក់ពុតទាំងអស់នោះ ដើម្បីកុំឲ្យបោកប្រាស់គេបន្តទៀត។ ក្រុមទាំងនេះតែងប្រើស្តង់ដារពីរខុសគ្នារវាងប្រទេសតូចៗដូចជាកម្ពុជា និងប្រទេសធំៗដែលជាម្ចាស់លុយរបស់ខ្លួន។ បញ្ហាងាយយល់ទេ បើហ៊ានប៉ះម្ចាស់លុយច្បាស់ជាដាច់បាយ។ បើដូច្នេះ តើអ្នកណាអាចជឿជាក់បានលើសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សទាំងអស់នោះ?

ពាក្យចាស់បូរាណពោលថា ដំរីស្លាប់មិនអាចយកចង្អេរបាំងបានឡើយ បើបាំងបានអាចបាំងបានតែមុខ ប៉ុន្តែ គូទនៅកណ្តាលវាល។ ពាក្យចាស់មួយទៀតពោលថា ភូតច្រើនចាញ់អាត្មា។ ពួកនេះភូតគេច្រើនពេកហើយ ដូច្នេះ គ្មានអ្នកណាជឿទៀតឡើយ។ នេះហើយជាមុខមាត់ពិតរបស់សារព័ត៌មាន និងអង្គការសិទ្ធិមនុស្សលាក់ពុត៕


No comments:

Post a Comment