Monday, June 01, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរក្សាអនាម័យ បង្កាការពារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មកទល់ពេលនេះប្រទេសកម្ពុជា ទប់ស្កាត់បានល្អក្នុងការអនុវត្តនូវវិធានការបង្កា ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលស្របទៅនឹងស្ថានការណ៍បណ្តាប្រទេសនានាហាក់មានការធូរស្រាលផងដែរ តែមិនមែនន័យថា ជាទីបញ្ចប់នាំឱ្យមានការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ននោះទេ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសសើរដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តដាក់លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខេត្តព្រះសីហនុ គឺស្ថិតនៅជួរមុខប្រឈមជាងបណ្តាខេត្តដទៃទៀត ដែលមានជនបរទេសច្រើន ឆ្លងក៏ច្រើនជាងគេទៀត តែកម្ពុជា នៅអាចរួមកម្លាំងសហការគ្នា ទប់ស្កាត់បានទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជា ត្រូវរងការជេរប្រមាថ ម៉ាកងាយ គ្រប់ទំរង់រូបភាព ក៏ប៉ុន្តែផ្ទុយមកវិញពេលនេះក្រុមគ្រូពេទ្យយើងទទួលបានការកោតសរសើរ រហូតដល់មានអ្នកតាក់តែងនិពន្ធបទចំរៀងដោយដាក់ចំណងជើងថា កង​ទ័ពអាវស នេះជាអារម្មណ៍ប្រែប្រួលរបស់ប្រជាជនយើង ដែលភ័យព្រួយបារម្ភ និងខឹងសម្បារចំពោះជំងឺកូវីដ​១៩។ លោកនាយករដ្ឋមន្ត្រី បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋបន្តរក្សាអនាម័យ ដោយអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់លាប់ជាប្រចាំថ្ងៃ៕




No comments:

Post a Comment