Wednesday, May 20, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណលោក ថងលុន ស៊ីសុលីត ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពមាតាក្មេករបស់លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតថ្លែងអំណរគុណលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់លោកបានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់នាយករដ្ឋមន្រ្តីឡាវ មានខ្លឹមសារថា « ក្រុមគ្រួសារខ្ញុំ និងខ្ញុំបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុតចំពោះមរណភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងពេលវេលាដ៏សែនសោកសៅនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនសម្តេចតេជោ និងក្រុមគ្រួសារ។
ការបាត់បង់ភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនត្រឹមតែជាការបាត់បង់មាតាក្មេកជាទីស្រឡាញ់របស់ សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនដ៏សំខាន់មួយរូបដែលតែងតែបានលះបង់ដើម្បីក្រុមគ្រួសារនិងប្រទេសជាតិ។ ក្រុមគ្រួសារខ្ញុំ និងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ និងក្រុមគ្រួសារ »។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោកបានសរសេរថា « ក្រុមគ្រួសារខ្ញុំ និងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ខ្ញុំបានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
ពាក្យពេចន៍ពោរពេញដោយអត្ថន័យ និងសមានចិត្តចូលរួមរំលែកទុក្ខរបស់ឯកឧត្តម និងក្រុមគ្រួសារគឺពិតជាមានន័យយ៉ាងធំធេងចំពោះខ្ញុំនិងក្រុមគ្រួសារ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ»៕






No comments:

Post a Comment