Saturday, December 21, 2019

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍ, គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ

នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។



ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២នៅក្នុងខេត្តកំពតឆ្នាំ ២០១៩ នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសទៀតនោះ គឺមានរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃៗទៀតផងដែរ។
ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះ បូរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងមកពីបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន, ថៃ, ឥណ្ឌូនេស៊ី, ឥណ្ឌា និងវៀតណាម។ រីឯចំពោះសកម្មភាពកីឡាវិញគឺរួមមាន៖ កីឡារត់កម្សាន្ត, កីឡាប្រណាំងកង់, បាល់ទះលើឆ្នេរខ្សាច់, ចាំបាប់លើឆ្នេរខ្សាច់, កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ, ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ, ក្បាច់គុនល្បុក្កតោខ្មែរ, ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។ល។
មុននឹងអញ្ជើញធ្វើដំណើរមកកាន់វេទិកា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលជាច្រើនដែលបានតាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យសមុទ្រនេះក្នុងបរិយាកាសរីករាយក្រៃលែង។ សម្តេចតេជោត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ម្ចាស់ស្តង់ និងពីប្រជាពលរដ្ធ ព្រមទាំងភ្ញៀវទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពតល្ងាចនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានក្លាយជាយន្តការណ៍ជាក់លាក់មួយរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកំពត។ សម្តេចតេជោក៏បានរំលឹកផងដែរថាមកដល់ឆ្នាំ២០០៧ហើយ កំពតគឺជាខេត្តដែលអន់ជាងគេ ហើយក៏ជាខេត្តដែលមានការផ្លាស់ប្តូរចៅហ្វាយខេត្តច្រើនជាងគេ ពីព្រោះពេលនោះកំពតមិនទាន់មានការអិវឌ្ឍអ្វីឡើយ។ អ្វីដែលខេត្តកំពតមានគឺខេត្តផ្សេងមិនមានឡើយ ដូចជាផលិតផលអំបិលជាដើម។ ជាមួយគ្នានោះ កំពតជាខេត្តដែលមានរោងចក្រផលិតស៊ីម៉ង់ត៍ច្រើនជាងគេក្នុងការបំរើដល់វិស័យសំណង់។ កំពតក៏មានវារីអគ្គិសនីក្នុងការផ្គត់ផ្គង់វិស័យអគ្គិសនីសំរាប់ចែកចាយដល់អ្នកប្រើប្រាស់ផងដែរ។ ទន្ទឹមនឹងនោះដែរ កំពតគឺជាសមរភូមិក្តៅកាលពីអតីតកាល តែក្រោយមកយើងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៦ តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលពេលនោះគឺបានដាក់ចេញពីតំបន់តាកែនកោះស្លា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមពីការខិតខំរបស់របស់រដ្ធាភិបាលក្នុងការការពារ និងការរួមចំណែកថែរក្សានូវធនធានធម្មជាតិនៅក្នុងដែនសមុទ្រ។ សម្តេចតេជោ មិនដែលអនុញ្ញាតអោយក្រុមហ៊ុនវិនិយោគពីបរទេសណាមកវិនិយោគដោយប្រើប្រាស់ធនធានក្នុងដែនសមុទ្រឡើយ ដូចជាការបូមខ្សាច់ពីក្នុងសមុទ្រជាដើម។ សម្តេចតេជោបានស្នើអោយក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារអោយបាន នូវធនធានធម្មជាតិនៅទីនេះអោយបានល្អ។
ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនេះអោយកាន់តែមាននិរន្តភាពនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ៨ចំណុច៖
១)ត្រូវរក្សាអោយបាននូវសន្តិភាព ស្ថិរភាពនយោបាយ។ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ ,គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ។ កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមជាច្រើមកហើយ ដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ធ្លាក់ដល់ចំណុចសូន្យ។
២)ត្រូវរក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ជាប់មាត់សមុទ្រកម្ពុជា ដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រអោយបានគង់វង្ស និងបានស្នើអោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាតនិងបង្ហូរទឹកស្អុយចូលទឹកសមុទ្រជាដាច់ខាត ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។
៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។
៤)ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តដែលស្ថិតនៅជាប់ឆ្នេរសមុទ្រត្រូវត្រៀមខ្លួនធ្វើប្រធានកិច្ចប្រជុំក្លឹបឆ្នេរ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។
៥)បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាយើងមិនអាចអោយមានការធ្វើអាជីវកម្ម Casino Online បានឡើយ។ បើយើងបន្តអាជីវកម្ម Casino Online យើងនឹងក្លាយទៅជាអ្នកដែលរងគ្រោះដោយសារ Casino Online នេះជាមិនខាន។ ជាមួយគ្នានោះយើងនឹងអាចកើតមាននូវអំពើភេរវកម្ម និងអំពើលាងលុយកង្វក់។ល។ ជាមិនខាន។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នៅសល់តែប៉ុនានថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជាត្រូវបិទបញ្ចប់អាជីវកម្ម Casino Online ហើយ។
៦)ត្រូវបន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលខ្សែក្រវ៉ាត់ប៉ៃតងនៅតាមសណ្ឋាគារនានានៅទូទាំងប្រទេស។
៧)ត្រូវពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរនានាឆ្ពោះមកកាន់តំបន់ឆ្នេរសមុទ្រយើងអោយបានច្រើន និងអោយបានល្អប្រសើរ។ នៅពេលខាងមុខ យើងនឹងទទួលបានផ្លូវជាតិ៣ខ្សែដ៏ស្រស់ស្អាត រួមទាំងការអភិវឌ្ឍផ្លូវផ្សេងៗក្នុងខេត្តមួយចំនួនទៀត។
៨)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពខ្ពស់ជាប្រចាំ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានជូនពរដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងទទួលបាននូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងឱកាសនៃបុណ្យសមុទ្រនៅក្នុងខេត្តកំពតដែលមានរយៈពេល៣ថ្ងៃនេះ គឺចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែ ធ្នូ ឆ្នាំ២០១៩៕
















No comments:

Post a Comment