Wednesday, September 18, 2019

ទណ្ឌិត សម រង្ស៊ី រៀបចំថវិកាចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល

ទីបំផុត ទណ្ឌិត សម​ រង្ស៊ី បានបង្ហាញយ៉ាងច្បាស់នូវផែនការបញ្ចេញថវិកាចិញ្ចឹមកងទ័ពឧទ្ទាមក្រៅច្បាប់មួយដែលនឹងកើតឡើងក្នុងពេលទណ្ឌិតរូបនេះសម្រេចវិលចូលស្រុកវិញក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ហើយដែលជាផែនការត្រូវបានទណ្ឌិតបញ្ចេញឱ្យដឹងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញាកន្លងទៅថ្មីៗនេះ។ ក្នុងន័យយ៉ាងដូច្នេះថា យើងត្រូវធ្វើសេចក្តីសម្រេចលម្អិត ប្រមូលកម្លាំងយ៉ាងម៉េច? វិធានការមួយ គឺប្រមូលថវិកាមកចិញ្ចឹមកងទ័ពដែលស្នេហាជាតិ ផ្តាច់ខ្លួនពីរបប ហ៊ុន សែន មកការពារប្រជារាស្រ្តវិញ។ តើនេះជាឧទ្ទាមក្រៅច្បាប់ឬទេ? តើការបង្កើតទ័ពឧទ្ទាមក្រៅច្បាប់នឹងទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឬទេ? តើទ័ពឧទ្ទាមក្រៅច្បាប់នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញឬទេ? ប្រសិនបើ វាទៅជាយ៉ាងនេះ នោះកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលនឹងធ្លាក់ចូលក្នុងភ្លើងសង្រ្គាម កើតវឹកវរ ចលាចលសង្គម អសន្តិសុខ អស្ថិរភាព ដែលនឹងមហាគ្រោះអន្តរាយដល់ជាតិមាតុភូមិជាក់ជាមិនខាន តើប្រជាជនខ្មែរដែលកំពុងទទួលបានរស់នៅក្នុងសុខសន្តិភាព ការរីកចម្រើន និងការអភិវឌ្ឍស្ទើគ្រប់វិស័យក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះសុខចិត្តទាញទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីថ្នូរយកសង្រ្គាមក្នុងស្រុកផ្ទុះឡើងវិញឬទេ? តើសហគមន៍អន្តរជាតិនឹងគាំទ្រចលនាឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ឬទេ?
សញ្ញាដំបូងបំផុតដែលមហាជនទូទៅបានតាមដាន និងយល់ដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាមេក្លោងបង្កើតចលនាឧទ្ទាមក្រៅច្បាប់មួយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលក្នុងចលនានោះ គេឃើញមានសមាសភាពចូលរួមនៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលភាគច្រើនចេញពីកូតារបស់ទណ្ឌិត សម រង្ស៊ី តែម្តង។ ចលនាឧទ្ទាមក្រៅច្បាបនេះពិតជាបានធ្វើសកម្ម​ភាពយ៉ាងសកម្មពីក្រៅប្រទេស ក្នុងបណ្តាញការងារទាក់ទងជាប្រព័ន្ធជាមួយនឹងអតីតសកម្មជនបក្សប្រឆាំងនៅទូទាំងប្រទេស។ ជាញឹកញាប់ គេបានដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី តែងតែអំពាវនាវដោយវោហារ្យសាស្រ្តដ៏គ្រោះថ្នាក់បំផុត ដោយការព្យាយាមដុតកម្តៅ ញុះញង់ បំផុសបំផុល​ ដុតកំហឹង បំបះបំបោរឱ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរ បែរចុងកាណុងសំដៅទៅរកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អុចអាលប្រជាជនឱ្យប្រើប្រាស់អំណាចប្រជាជនដូចអ្វីដែលទណ្ឌិតរូបនេះយល់ថា ជាគំរូដែលធ្លាប់ត្រូវបានអនុវត្តជោគជ័យនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៨៦។
វាមិនចម្លែកទេ ការណ៍ដែលទណ្ឌិតរូបនេះ បានបង្កើតឡើងនូវចលនាឧទ្ទាមក្រៅច្បាប់ គឺវាគ្រាន់តែជាមធ្យោបាយទ័លច្រករបស់ខ្លួន ហើយចលនាឧទ្ទាមបែបនេះ វាបានក្លាយទៅជារឿងហួសសម័យសម្រាប់ប្រទេសកម្ពុជា។ ពីព្រោះ កម្ពុជាមានច្បាប់មួយដាក់កម្ពុជាប្រជាធិបតេយ្យឱ្យនៅក្រៅច្បាប់ ហើយចាត់ទុកចលនាប្រដាប់អាវុធនៅសេសសល់ក្នុងព្រៃជាទ័ពឧទ្ទាមក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤ ដែលពេលនោះ ទណ្ឌិតរូបនេះក៏ធ្លាប់បដិសេធមិនឱ្យមានច្បាប់បែបនេះអនុវត្តចំពោះក្រុមអតីតកម្ពុជាប្រជាធិបតេយ្យ​ហៅថា ខ្មែរក្រហមឡើយ។ ទីបំផុត ចលនាទ័ពឧទ្ទាមក្រៅច្បាប់របស់កម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ទាំងស្រុង ដោយការសម្រេចចិត្តធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមជាតិវិញ ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តីនៅចុងឆ្នាំ១៩៩៨។ ដូច្នេះ ចលនាឧទ្ទាមក្រៅច្បាប់នេះ ត្រូវបានបង្កើតឡើង ក្រោមការផ្តួចផ្តើមគំនិតរបស់ទណ្ឌិត ដែលគ្មានការពិគ្រោះយោបល់ និងឯកភាពផ្ទៃក្នុងពីអតីតថ្នាក់ដឹកនាំបក្សប្រឆាំងឡើយ ហើយថ្នាក់ដឹកនាំភាគច្រើនរបស់ក្រុមនេះ ក៏មិនបានគាំទ្រ និងមិនបានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់នេះ រាប់ទាំងលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារផងដែរ។ ដំបូងចលនានេះ មានគោលដៅធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា គោលដៅទី២ ធ្វើឱ្យមហាជនផ្តើមនិយាយពីឈ្មោះ សម រង្ស៊ី ឡើងវិញ  បន្ទាប់ពីឈ្មោះទណ្ឌិតរូបនេះ ត្រូវបានមនុស្សក្នុងអតីតបក្សប្រឆាំងបំភ្លេចចោលក្រោយពីទណ្ឌិតរូបនេះបានសម្រេចចិត្តលាលែងទាំងសោកស្តាយពីតំណែងប្រធានបក្សសង្គ្រោះជាតិ ដោយសារសម្ពាធរឿងផ្ទាល់ខ្លួនក្នុងគ្រួសារតែប៉ុណ្ណោះ។
តើប្រាកដទេថា ក្រុមប្រឆាំងក្រៅច្បាប់មួយនេះ មានថវិកាគ្រប់គ្រាន់ដើម្បីចិញ្ចឹមកងទ័ពឧទ្ទាមក្រៅច្បាប់ ដែលពួកគេកំពុងតែស្រមើស្រមៃថា នឹងមានការផ្តាច់ខ្លួនពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខណៈពេលដែលក្រុមក្រៅច្បាប់ ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី គ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញសំបុត្រយន្តហោះជូនថ្នាក់ដឹកនាំរបស់ពួកគេ និងអ្នកហែរហមមួយដំបរស្វាមិនទាន់បានផងនោះ? នេះជារឿងលេងសើច បែបកំប្លុកកំប្លែងពេកហើយ ឬជាការធ្វើប្រជាភិថុត និងប្រជានិយម ដែលសុទ្ធសឹងមិនមែនជាផែនការយុទ្ធសាស្រ្តច្បាស់ឱ្យប្រាកដអ្វីទាំងអស់។ ប្រស់បើជារឿងពិត គេក៏មិនត្រូវយកផែនការយុទ្ធសាស្រ្តមកផ្សព្វផ្សាយលេងសើចបែបនេះឡើយ។ ពីព្រោះ ការចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ គឺជារឿងខុសច្បាប់ ហើយប្រភពថវិកាក៏កាន់តែខុសច្បាប់ គ្មានបរទេសណាហ៊ានផ្តល់ថវិកាខុសច្បាប់ដើម្បីបង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌ ឬចលនារដ្ឋប្រហារ  ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជ្រើសតាំងចេញពីការបោះឆ្នោតបានឡើយ។ សហគមន៍អន្តរជាតិបានមើលឃើញកម្ពុជាដើរផ្លូវត្រូវក្នុងការអនុវត្តតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានឱ្យតម្លៃលើសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំរបស់កម្ពុជាដែលជាមូលដ្ឋាន និងជាលក្ខខណ្ឌចាំបាច់សម្រាប់កម្ពុជាឈានឆ្ពោះទៅរកការកសាង ការអភិវឌ្ឍ ដើម្បីមានការរីកចម្រើន វឌ្ឍនភាព វិបុលភាព។
ដូច្នេះ រហូតមកដល់នេះ ទណ្ឌិតសម រង្ស៊ី ដែលជាបុគ្គលអាត្មានិយម បានសម្រេចធ្វើអ្វីៗទាំងអស់ដោយអត្តនោម័ត ជាមនុស្សអំនួតជ្រុល​កំពុងធ្លាក់ខ្លួនចូលក្នុងជ្រោះមរណខាងនយោបាយ ដោយសារការសម្រេចិត្តខុសម្តងហើយម្តងទៀត រើខ្លួនលែងរួចតែម្តង។  ការបាត់បង់ជំហរនយោបាយចុងក្រោយរបស់ទណ្ឌិត គឺដោយសារសហគមន៍អន្តរជាតិនឹងមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ។ លោកប្រធានាធិបតី ដូណាល ត្រាំ បានប្រកាស់ឱ្យដឹងច្បាស់កន្លងទៅថា រដ្ឋបាលរបស់លោកនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាទាំងអស់ នេះជាគោលនយោបាយការបរទេសដ៏ច្បាស់លាស់នៃរដ្ឋបាលរបស់លោក ត្រាំ។ ប្រទេសទាំងអស់ដែលជាសមាជិកនៃអង្កការសមាគមប្រជាជាតិអាស៊ិអាគ្នេយ៍ទាំងអស់ក៏នឹងមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានដែរ។ បើគេនាំគ្នាងាកសម្លឹងទៅពឹងពាក់លើកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ក៏រិតតែលែងជាឧបរកណ៍ ដើម្បីយកមកធ្វើជាដំណោះស្រាយរួមនៃជម្លោះកម្ពុជាបានទៀតដែរ ពីព្រោះបណ្តាប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងក្រុងប៉ារីសមិនអើពើ មិនចាប់អារម្មណ៍យកចិត្តទុកដាក់រឿងរបស់មេឧទ្ទាមនេះឡើយ ព្រោះនោះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទាំងស្រុង។
ប្រឈមមុខនឹងការអស់សង្ឃឹមលើឆាកអន្តរជាតិ គ្មានការគាំទ្រលើឆាកអន្តរជាតិ ទីបំផុត ទណ្ឌិត ពិតជាបានបាត់បង់ជំហរនយោបាយរបស់ខ្លួនទាំងស្រុង ហើយក៏កំពុងកើតក្តីមួម៉ៅក្តៅក្រហាយ ដោយក្តីអស់សង្ឃឹមគ្មានអ្នកជួយ ក៏រអិលមាត់ស្រែកជេរប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលអង្គព្រះមហាក្សត្រមិនអាចត្រូវបាននរណារំលោភបំពានបានឡើយ។ ពីព្រោះ ព្រះអង្គគ្រងរាជ្យសម្បត្តិ តែមិនធ្វើនយោបាយ និងមិនគ្រប់គ្រងអំណាចឡើយ។ វាមិនមែនជារឿងអចេតនានោះទេ តែនោះគឺជាអារម្មណ៍ផ្ទុះឡើងដោយការអស់សង្ឃឹមក្នុងឆាកជីវិតនយោបាយដែលពោរពេញដោយការបរាជ័យ ហើយដោយអស់សង្ឃឹមយ៉ាងដូច្នេះ គឺទណ្ឌិតរូបនេះចាប់ផ្តើមត្រូវបន្ទោសព្រះមហាក្សត្រ ដោយពាក្យប្រមាថយ៉ាងដូច្នេះថា អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់លោក ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។ ការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្របែប គឺពិតជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ជាពាក្យដែលមហាជនទូទៅមិនអាចទទួលយកបាន ក្នុងកាយវិកាអគុណធម៌ អកត្តញ្ញូ មិនគោរពព្រះមហាក្សត្រ ដែលប្រជារាស្រ្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះអង្គជាម្លប់សម្រាប់កូនចៅ ដែលព្រះអង្គ គឺ ជាទីគោរពសក្ការៈបំផុតនៃប្រជារាស្រ្ត។
ទោបីយ៉ាងណាក៏ដោយ ជំហរនៃការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិត គឺ នៅតែជាផែនការមិនប្រាកដ គ្មានសង្ឃឹមក្លាយទៅជាការពិត ហើយវាគ្រាន់តែជាការធ្វើប្រជាភិថុត និងប្រជានិយមបោកប្រាស់អ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនទាំងស្រុង។ ពីព្រោះ រាជរដ្ឋាភិបាលបានសម្រេចយ៉ាងច្បាស់ថា ទោះតម្លៃណាក៏ដោយ ទណ្ឌិតរូបនេះនឹងត្រូវបានចាប់វៃខ្នោះ និងបញ្ជូនចូលគុកភ្លាម ពេលណាបុគ្គុលនេះជាន់ដីខ្មែរ។
ជារួម ការផ្តល់ថវិកាចិញ្ចឹមទ័ពឧទ្ទាមក្រៅច្បាប់ គឺ ជាអំពើខុសច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងជាអំពើរដ្ឋប្រហារ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លួវមិនប្រជាធិបតេយ្យ។ ហើយសម្រាប់កម្ពុជាមិនត្រូវការចលនាឧទ្ទាមក្រៅច្បាប់អ្វីទៀតឡើយ ពីព្រោះ កម្ពុជាបាននឿយណាយនឹងសង្រ្គាម ការធ្វើរដ្ឋប្រហារដូររបបដឹកនាំដ៏មហាគ្រោះថ្នាក់ដែលកម្ពុជា និងប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ក្នុងទសវត្សឆ្នាំ១៩៧០។ ប្រជាជនកម្ពុជាបាននិងកំពុងជ្រោងទង់សន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមនយោ បាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ៕

ដោយ៖ ឡុង បុរិតា

No comments:

Post a Comment