ថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានថ្លែងដដែលៗអំពីកាលបរិច្ឆេទនៃការវិលត្រឡប់ចូលស្រុកវិញរបស់ខ្លួន
ដែលបានធ្វើឱ្យពួកអ្នកគាំទ្រមួយចំនួនរបស់ខ្លួនប្រឹងជឿម្តងហើយម្តងទៀត ក៏ប៉ុន្តែទីបំផុត
ការនិយាយត្រឡប់ត្រឡិនយកជាការមិនបាន ហើយក៏មិនដឹងច្បាស់ត្រង់ណាឱ្យប្រាកដ។
យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ គឺច្បាស់បំផុតត្រូវជាប់ខ្នោះ
និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។
ផ្គរលាន់មិនដែលឃើញភ្លៀង សំដីមិនទៀងទាត់មិនយកជាការបាន ដើរស្រែកប្រកូកប្រកាស់កុហកបោកប្រាស់ម្តងហើយម្តងទៀត
ទីបំផុតក៏លែងមានអ្នកជឿលើវោហាស័ព្ទខ្យល់វ៉ល់ៗស្តាប់មិនសូវជឿជាក់
ដែលពួកអ្នកគាំទ្ររបស់ខ្លួនមួយចំនួនបានធ្លាក់ខ្លួនជឿលើការចិញ្ជឹមនៃសេចក្តីក្លែងបន្លំ
ជឿលើអ្វីដែលមិនអាចក្លាយទៅជាការពិតបាន។ មហាជនទូទៅបានយល់ដឹងយ៉ាងច្បាស់ថា សម រង្ស៊ី
គឺជាទណ្ឌិតត្រូវទទួលទោសជាប់គុកជាច្រើនឆ្នាំ ហើយកំពុងបានជាប់ក្នុងបណ្តឹងជាច្រើនទៀតនៅសាលាដំបូង
ដែលតុលាការកំពុងបន្តនីតិវិធីដែលសុទ្ធសឹងជាបទល្មើសត្រូវជាប់គុកគ្មានថ្ងៃចេញរួច គឺគុកលើគុកដែលមិនអាចទូទាត់បានក្នុងអាយុកាលរបស់គាត់ចូលវ័យ៧១ឆ្នាំ
រួមផ្សំនឹងជំងឺប្រចាំកាយថែមទៀត គឺច្បាស់នឹងគ្មានថ្ងៃសង្ឃឹមចូលស្រុកបានឡើយ។
គ្រប់គ្នាបានដឹងច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាមេគំនិតបង្កើតបដិវត្តន៍ពណ៌
ហើយការវិលត្រឡប់ចូលស្រុកវិញ គឺស្មើនឹងអ្នកបង្កើតចលាចល អស្ថេរភាព និងអសន្តិសុខសង្គម
ប្រទេសជាតិនឹងបាត់បង់សន្តិភាព និងសណ្តាប់សង្គម ដែលរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បាននិងកំពុងកសាង និងរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ស្ថេរភាព
និងសណ្តាប់សង្គម ដើម្បីការអភិវឌ្ឍ វិបុលភាព
ភាពល្អប្រសើរឡើងនៃជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ
និងភាពរុងរឿងរបស់ជាតិមាតុភូមិមួយនេះ។ ដូចនេះបដិវត្តន៍ពណ៌ដែលនឹងត្រូវបាននាំមកជាមួយនឹងការវិលត្រឡប់របស់ទណ្ឌិតរូបនេះ
គឺមិនមែនជាបំណងប្រាថ្នា និងឆន្ទៈរបស់មហាជនទូទៅចង់បាននោះទេ។
ពីព្រោះការវិលត្រឡប់របស់គាត់ គឺជាការនាំមកនូវគ្រោះមហន្តរាយដល់ប្រជាជន
និងជាតិមាតុភូមិយ៉ាងប្រាកដ។
បន្ថែមលើនេះ ទណ្ឌិតរូបនេះជាជនក្បត់ជាតិ
មិនទាន់បានឡើងកាន់អំណាចដឹកនាំប្រទេសផង ហ៊ានថ្លើមធំចុះហត្ថលេខាជាមួយលោក កុក ស
មេចលនាជនជាតិភាគតិច យួនដេហ្គា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក ដោយសន្យាកាត់ទឹកដីខេត្តទាំង៤
នៅភាគខាងជើងប្រទេសឱ្យទៅជនជាតិភាគតិចយួន ដេហ្គា ដោយបានសន្យាបង្កើតរដ្ឋធម្មនុញ្ញថ្មីទទួលស្គាល់សិទ្ធិរបស់ជនជាតិម៉ុងតេញ៉ាទាំងនោះយ៉ាងខុសច្បាប់
គឺ ជាអំពើក្បត់ជាតិទាំងស្រុង។
ដូច្នេះ បទល្មើសគុកលើគុក ជាប់ជំពាក់មិនទាន់សង
ថែមជាមួយនឹងអំពើក្បត់ជាតិខាងលើនេះ
តើវាអាចនៅមានអ្នកជឿលើការវិលត្រឡប់របស់ទណ្ឌិតរូបនេះបានឬទេ? ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ
តើថ្ងៃណា ឱ្យប្រាកដច្បាស់នោះ? យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ
ច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក
ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។ សម្រាប់សមត្ថកិច្ចបាននិងកំពុងរងចាំ ហើយថ្ងៃដែលច្បាស់បំផុត
គឺ ជាប់ខ្នោះ និងញាត់ចូលគុកតែម្តង ពីព្រោះ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕
ដោយ ឡុង បូរិតា

No comments:
Post a Comment