Friday, August 23, 2019

ពិធីដាំកូនឈើនៅដីសហគមន៍ នាភូមិស្រែលើសែនជ័យ «ក្រោមប្រធានបទ ខ្ញុំបានដាំដើមឈើ ចុះអ្នកវិញ?»

ត្បូងឃ្មុំ៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដាំកូនឈើនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមរបាយការណ៍លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាំកូនឈើដោយ បានកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវាប្រារព្ធពិធីបុណ្យដាំកូនឈើរបស់ថ្នាក់ជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រ នៃកម្ពុជា។
ចំពោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការគ្រប់គ្រងរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានយកថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះពិធីដាំកូនឈើចំនួនប្រមាណ២៥០០ ដើម ដាំលើផ្ទៃដីប្រមាណ ២.៥ហិកតាក្នុងតំបន់រដ្ឋបាលខេត្ត។ តម្លៃកូនឈើដែលត្រូវដាំនាថ្ងៃនេះរួមមាន បេង ក្រញូង សុក្រំកកោះ នាងនួន និងឈើទាល សរុបប្រមាណ ៧០០ ដើមដាំលើផ្ទៃដីប្រមាណ ១.៥ ហិកតា។
ថ្លែងក្នុងឱកាសនោះ លោក ពាង ណារិទ្ធិ ប្រធានគ្រប់គ្រងគម្រោងខេត្ត បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញណែនាំតម្រង់ទិសពីសំណាក់ លោកឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានឲ្យរដ្ឋបាលខេត្តខិតខំឲ្យអស់លទ្ធភាពក្នុងការដាំកូនឈើនៅតាមពីសាធារណៈ តាមដងផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗព្រមទាំងតាមទីសាធារណៈមួយចំនួនដូចជា វត្តអារាម មន្ទីរពេទ្យ សាលារៀនជាដើម ។ល។ ព្រោះព្រៃឈើមានគុណប្រយោជន៍សំខាន់ណាស់ក្នុងការទប់ស្កាត់កំដៅព្រះអាទិត្យ កាត់បន្ថយការបម្រែបម្រួលអាកាសធាតុ បញ្ចេញឧស្ម័នកាបូនិចអុកស៊ីសែនខ្យល់បរិសុទ្ធល្អ ទាក់ទាញទឹកភ្លៀងទៀងទាត់តាមរដូវកាល ផ្ដល់ជម្រកមនុស្សនិងសត្វ ការពារគ្រោះធម្មជាតិផ្សេងៗ និងលើកកម្ពស់សោភ័ណភាពបៃតង បរិស្ថានល្អក្នុងការរស់នៅជាដើម។
ជាចុងក្រោយ លោកប្រធានគ្រប់គ្រងគម្រោងខេត្ត បានធ្វើការស្នើសុំដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារសមិទ្ធផលរបស់គម្រោង ជាពិសេស ចូលរួមថែរក្សាការពារកូនឈើដែលបានដាំនៅថ្ងៃនេះ ធ្វើយ៉ាងណាឱ្យរីកលូតលាស់បានល្អ សំដៅបន្តនិរន្តរភាព និងការអភិវឌ្ឍសហគមន៍របស់យើងនាថ្ងៃអនាគតកាន់តែល្អប្រសើរសម្រាប់កូនចៅយើងជំនាន់ក្រោយ៕








No comments:

Post a Comment