ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ រយៈពេល៥ថ្ងៃ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេស។
អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។
នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ដោយបានគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្រកម្ពុជាក្នុងការជម្នះឧបសគ្គនានា នាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា និងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០៣០ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីសង្គមដែលរៀបចំឡើងដោយ WTO ផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានផ្ដល់សារៈសំខាន់និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៅទីក្រុងហ្សឺណែវនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជួបសន្ទនាការងារដាច់ដោយឡែកៗពីគ្នា ជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratanakar Adhikari)នាយកប្រតិបត្តិ នៃក្របខ័ណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម, ឯកឧត្តម វិល ស្គិនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់, លោកជំទាវ មិឆែល បាឆេឡេ (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងជួបសន្ទនាជាមួយក្រុមហ៊ុនធំៗចំនួន៦របស់ស្វីស ព្រមទាំងជួបសំណេះសំណាលជាមួយ នឹងតំណាងសហគមន៍ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ប្រមាណ៧០០នាក់ រស់នៅសហព័ន្ធស្វីស និងមកពីប្រទេសមួយចំនួនរបស់ សហភាពអឺរ៉ុបផងដែរ។
គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាកចេញពីកម្ពុជាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក(WTO)៕
ដោយ ជឹម ណារី

No comments:
Post a Comment