ម្តងជាពីរដងបុគ្គលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកប៉ុន្មាននាក់ ដែលមានមហិច្ឆតាចង់យកកម្ពុជាធ្វើជាកូនជឹងដើម្បីបម្រើឲ្យផលប្រយោជន៍ និងភូមិសាស្ត្រនយោបាយរបស់ខ្លួន តែងបានរំលោភបំពានម្តងហើយម្តងទៀតមកលើអធិបតេយ្យជាតិកម្ពុជា។ ថ្មីៗនេះ សភាតំណាងរាស្ត្រអាមេរិកជាន់ទាប ទើបបានអនុម័តច្បាប់មួយស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (H.R 526) ដែលសេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយ បង្ហាញឲ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ ដោយផ្អែកតែទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ។
ខ្លឹមសារនៃសេចក្តីស្នើច្បាប់នោះបានបន្ទោសទៅលើប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានកាន់តំណែងយូរជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ តាមពិតទៅការកាន់តំណែងយូរ ឬឆាប់ របស់មេដឹកនាំមិនថាចំពោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក្នុងពិភពលោកទេ វាអាស្រ័យទៅលើការគាំទ្ររបស់ប្រជាពលរដ្ឋនៃប្រទេសនោះប៉ុណ្ណោះ។ នៅក្នុងបណ្តាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការកាន់តំណែងរបស់មេដឹកនាំប្រទេសអាចធ្វើទៅបានតាមរយៈការបោះឆ្នោត។
នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក តែងបានរៀបចំឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀងរាល់ ៥ឆ្នាំម្តង ដោយមានបណ្តាគណបក្សនយោបាយនានាចូលរួមប្រកួតប្រជែង និងមានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិរាប់ពាន់នាក់ឃ្លាំមើលការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់នៅតែបន្តការគាំទ្រ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្មានមូលហេតុអ្វីដែលអាចចោទថា លោក ហ៊ុន សែន កាន់អំណាចយូរ ឬឆាប់ទេ។ ម្យ៉ាងទៀត ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា មិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីដែរ។ ការចោទលោក ហ៊ុន សែន ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតថាកាន់អំណាចយូរ គឺផ្ទុយទាំងស្រុងទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលជាការប្រមាថទៅលើដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
បើចោទលោក ហ៊ុន សែន ថាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតមិនប្រជាធិបតេយ្យ តើការបោះឆ្នោតនៅកម្ពុជាទាល់តែគ្មានវត្តមានលោក ហ៊ុន សែន ឈរឈ្មោះទើបហៅថា ប្រជាធិបតេយ្យឬ? ឬប្រជាធិបតេយ្យដែលសភាតំណាងរាស្ត្រអាមេរិកប៉ុន្មាននាក់នោះចង់បាន គឺទាល់តែដោះលែងលោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ? ឬទាល់តែអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ? ហើយវាទាល់តែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងមកកាន់កាប់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឬក៏ទាល់តែកម្ពុជាប្រគល់អធិបតេយ្យជាតិទៅឲ្យអ្នកទាំងនោះ ដូចកាលសម័យ លន់ នល់ ទើបហៅថា ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?
ជាការពិត ករណីបទល្មើសរបស់លោក កឹម សុខា ជាសំនុំរឿងព្រហ្មទណ្ឌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានាបានធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់កម្ពុជា គឺមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់តុលាការអាមេរិកទេ។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតគណបក្សសង្គ្រោះជាតិដែលជាកម្លាំងចលករនៃចលនាបដិវត្តន៍ពណ៌ ក៏ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីការរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំណែកអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ១១៨រូប ត្រូវជាប់បម្រាមនយោបាយ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវបានច្បាប់អនុញ្ញាតបើកផ្លូវឲ្យបន្តធ្វើនយោបាយឡើងវិញ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការស្នើសុំជាផ្លូវការទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជា ត្រូវបានចាត់ទុកថា ជាឋានសួគ៌នៃសារព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ បច្ចុប្បន្ន នៅកម្ពុជាមានសមាគមសារព័ត៌មាន កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្ថានីយវិទ្យុ និងទូរទស្សន៍ គេហទំព័រ និង TV Online និងអង្គភាពព័ត៌មានផ្សេងៗជាច្រើនទៀតមានចំនួនរាប់ពាន់។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានប្រមាណចំនួន ៥៤៤១។ រាជរដ្ឋាភិបាលកម្ពុជា មិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើកទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូលកំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនាគត។
ព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ កម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។
សរុបមកវិញ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនមានសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសរបៀបនៃការដឹកនាំប្រទេស និងរដ្ឋាភិបាល។ ប្រជាជនកម្ពុជា និងគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែឈរយ៉ាងរឹងមាំគាំទ្រ ជុំវិញរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍតទៅមុខទៀត គឺទប់ទល់នឹងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ក៏ប៉ុន្តែ ប្រសិនបើប្រជាជនកម្ពុជាមិនរួបរួមគ្នាទេ នោះយើងនឹងមានជោគវាសនាដូចអតីតកាល ពោលគឺសម័យសង្គមរាស្ត្រនិយម ដែលមហាអំណាចពិភពលោកប្រកួតប្រជែងគ្នាលើមនោគមន៍វិទ្យា ធ្វើឲ្យខ្មែរមានការបែកបាក់បែងចែកជាក្រុមៗ មានខ្មែរស ខ្មែរស៊ីជម្ពូ និងខ្មែរក្រហម ហើយទីបំផុតទៅប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលររ៉ាំរ៉ៃ បង្កវិនាសកម្មដល់ជាតិ និងប្រជាជន៕
ដោយ៖ សុខ សុវណ្ណ
ដោយ៖ សុខ សុវណ្ណ
No comments:
Post a Comment