Saturday, March 02, 2019

ការប្រកាន់យកគោលនយោបាយឯកតោភាគី និងទ្វេភាគីដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់ អាសិប (RCEP)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនេះក្នុងពិភពលោកទាំងមូល ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី និងបើកចំហ ស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការគំរាមកំហែងដោយសារប្រទេសមួយចំនួន រួមទាំងបញ្ហាប្រទេសមហាអំណាចធំៗប្រកាន់យកគោលនយោបាយឯកតោភាគី និងទ្វេភាគី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យគំនិតគាំពារនិយមមានការកើនឡើង ដែលកត្តានេះអាចធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់របស់ប្រទេសសមាជិក អាសិប ដូច្នេះ ប្រាកដណាស់ថា យើងត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Regional Comprehensive Economic Partnership- RCEP) ដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ហើយដែលបានចាប់ផ្តើមចរចាដំបូងនៅឆ្នាំ ២០១២ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ ដែលមានប្រទេសចូលរួមចរចាចំនួន ១៦ ប្រទេស គឺប្រទេសសមាជិកអាស៊ានទាំង១០ និង ប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦ គឺ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និង គណៈប្រតិភូនៃបញ្ហាប្រទេសចរចាកិច្ចព្រមព្រៀង អាសិប (RCEP) ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា៕




No comments:

Post a Comment