Tuesday, September 18, 2018

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី អ្នកនយោបាយវង្វេងជាតិជាខ្មែរ!

បើយើងជាខ្មែរត្រូវតែគិតពីផលប្រយោជន៍ខ្មែរជាចម្បង និងឱ្យតម្លៃខ្មែរជាធំលើសពីជាតិសាសន៍ដទៃ។ ចំពោះអ្នកនយោបាយខ្មែរ គឺត្រូវមាន «ឧត្តមគតិជាតិជាខ្មែរ » ហើយឧត្តមគតិនេះហើយ គឺជាឫសកែវនៃជីវិតនយោបាយរបស់អ្នកនយោបាយនោះ។ កម្ពុជាពិតជាអភ័ព្វដែលមានអ្នកនយោបាយដូច សម រង្ស៊ី និងគូកនមួយដំបរស្វារបស់ខ្លួនចេះ ធ្វើនយោបាយដែរ ប៉ុន្តែមិនបានបម្រើឱ្យផលប្រយោជន៍ខ្មែរ បែរជាបម្រើផលប្រយោជន៍បរទេសទៅវិញ។ សម រង្ស៊ី ប្រាកដណាស់គឺជាអ្នក នយោបាយចោលម្សៀតក្បត់ជាតិសាសន៍ឯង។
ការនិយមទៅឱនក្បាលអង្វរបរទេសបែបអាជីពរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកដូច សម រង្ស៊ី ឱ្យបរទេសដាក់ទណ្ឌកម្ម ឬដាក់គំនាបលើជាតិសាសន៍ ហើយថាធ្វើដើម្បីខ្មែរ គឺមិនត្រឹមតែជាជន «វង្វេងជាតិជាខ្មែរ» ប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យថោកដល់តម្លៃខ្មែរទាំង មូលផងដែរ។ កោតតែ សម រង្ស៊ី និងក្រុមវង្វេងជាតិជាខ្មែររបស់ខ្លួន ហ៊ានហារមាត់និយាយដោយអំនួត ដោយគ្មានខ្មាសជាតិសាសន៍ឯងថា ការណ៍ដែលគាត់ខំប្រឹងអង្វរបរទេសឱ្យជាន់ឈ្លីលើអធិបតេយ្យជាតិខ្មែរ ជិតទទួលបានជោគជ័យហើយ។ នេះមិនខុសពីពាក្យ ចាស់បុរាណថា «ខ្មោចក្នុងឱ្យដៃ ទើបខ្មោចព្រៃហ៊ានចូល»។
អ្នកនយោបាយ តែងអះអាងពីវិធីធ្វើនយោបាយរបស់ខ្លួនថា គឺដើម្បីបម្រើជាតិ និងប្រជាជនរបស់ខ្លួន។ ប៉ុន្តែ សម រង្ស៊ី ជាអ្នកនយោបាយខ្មែរ បែរជា « វង្វេងជាតិជាខ្មែរ » ដោយបានគិតខុសថា រឿងឱ្យបរទេសបំផ្លាញខ្មែរ ជារឿងប្រកបដោយអំនួត និងថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយខ្មែរទៅវិញ។ សម រង្ស៊ីហារមាត់ឡើងស្រឡាញ់ប្រជាធិបតេយ្យ តែបែរជាអំពាវនាវពលរដ្ឋកុំឱ្យទៅបោះឆ្នោត។ បក្សភ្លើងទៀន កែប្រែលក្ខន្តិកៈដើម្បីចូលរួមការបោះឆ្នោត ក៏ត្រូវបាន សម រង្ស៊ី ហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោត។ ហារមាត់ឡើងស្រឡាញ់ប្រទេសជាតិណាស់ ស្រឡាញ់ប្រជាជនណាស់ ប៉ុន្តែ បែរជាទៅបញ្ចុះបញ្ចូល និងអង្វរឱ្យបរទេសដាក់ទណ្ឌកម្ម លើជាតិសាសន៍ខ្លួនឯង។
អ្នកនយោបាយប្រឆាំង គួរមាន «ឧត្តមគតិជាតិជាខ្មែរ » និងធ្វើនយោបាយបម្រើជាតិ និងប្រជាជនរបស់ខ្លួន ដោយរៀនសូត្រពីបណ្តាប្រទេសជិតខាងកម្ពុជា ដូចជា ថៃ វៀតណាម និងឡាវ ព្រមទាំងប្រទេសនៅក្នុងតំបន់ផ្សេងទៀត។ ប្រទេសជុំវិញយើង តើមានអ្នកនយោបាយប៉ុន្មាននាក់ដែលមានសណ្តានមិនថ្លៃថ្នូរបែបអ្នកន យោបាយប្រឆាំងដូចកម្ពុជា ដែលអំពាវនាវ និងអង្វរបរទេសឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិខ្លួន ឬដាក់ទណ្ឌកម្មលើជាតិសាសន៍ឯងនោះ? ប្រវត្តិសាស្រ្តនឹងកត់ត្រាឈ្មោះអ្នកនយោបាយវង្វេងជាតិទាំងនេះទុកជាមេរៀនសម្រាប់ឱ្យកូនចៅជំនាន់ក្រោយចៀសវាងអំពើថោកទាបបែបនេះ។
ដើម្បីបញ្ចុះបញ្ចូលបរទេសឱ្យបំផ្លាញខ្មែរ សម រង្ស៉ី ហ៊ានធ្វើអ្វីគ្រប់យ៉ាង និងតាមគ្រប់មធ្យោបាយ។ ព័ត៌មានភូតកុហកបរទេស ត្រូវបានបង្កើតឡើងដើម្បីបំភ្លៃ បំភាន់ និងបំផ្លើសសភាពការណ៍ពិតនៅកម្ពុជាដើម្បីមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋអំណាចនៅកម្ពុជា។ ប្រវត្តិរូបនយោបាយរបស់ សម រង្ស៊ី បង្ហាញយ៉ាងច្បាស់ថា អ្នក នយោបាយរូបនេះ គឺមានសណ្តានជាអ្នកនយោបាយភូតកុហកបោកប្រាស់។ បោកប្រាស់ប្រជាជនតាំងពីក្នុងប្រទេសរហូតដល់ក្រៅប្រទេស។ លួងលោមបោកប្រាស់ប្រជាជន ស្ទើរធ្វើឱ្យកម្ពុជាលិចលង់ដោយសារចលនាបដិវត្តន៍ពណ៌។ ចុងក្រោយនេះ កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលភាសាបារាំងហៅថា « Le Contrôle Judiciaire » ។
ច្បាប់កម្ពុជា ពុំមានឡើយការឃុំខ្លួននៅក្នុងផ្ទះ ប៉ុន្តែ សម រង្ស៊ី បែរជាអះអាងដោយខុសពីការពិត ដើម្បីចំណេញនយោបាយថា កឹម សុខា ត្រូវបានឃុំខ្លួនក្នុងផ្ទះ ដូចលោកស្រី អង់ សាន់ស៊ូជី! Sic! តាមពិត កឹម សុខា មានសេរីភាព អាចចេញពីផ្ទះបាន និងក្នុងព្រំប្រទល់ដែនដីមួយដែលកំណត់ដោយតុលាការ ដើម្បីហេតុផលសន្តិសុខផង និងហេតុផលនៃការបង្ការការរត់គេចខ្លួនផង។ សម រង្ស៊ី គួរស្វែងយល់ឱ្យបានច្បាស់សិន មុននិងហារនិយាយ កុំឱ្យធ្វើជាអ្នកប្រាជ្ញបែបខុសរឿង។ តាមពិត សម រង្ស៊ី ក្នុងចិត្តទំនងបន់ឱ្យតែ កឹម សុខា ជាប់ពន្ធនាគារឱ្យបានយូរ ដើម្បីទុកពេលវេលាឱ្យខ្លួនអាចសម្រេចផែនការឡើងមកគ្រប់គ្រងកម្លាំងប្រឆាំងរបស់អតីតបក្សសង្គ្រោះជាតិឡើងវិញតែប៉ុណ្ណោះ។
ចុងក្រោយនេះ សម រង្ស៊ី បានរៀបចំផែនការយុទ្ធសាស្ត្រដ៏ឆ្កួតលីលារបស់ខ្លួនដើម្បីបំផ្លាញកម្ពុជាគ្រប់រូបភាពក្នុងគោលបំណងស្វែងរកដំណោះស្រាយសង្គ្រោះជីវិត នយោបាយរបស់ខ្លួន ដែលបានចប់សព្វគ្រប់ទៅហើយនោះឱ្យរស់ឡើងវិញ និងឡើងគ្រប់គ្រងកម្លាំងក្រុមអ្នកនយោបាយប្រឆាំងឡើងវិញ។ សម រង្ស៊ី រហូតដល់ញុះញង់ឱ្យអ្នកគាំទ្រខ្លួន ធ្វើជាលិខិតទៅអង្គរការសហប្រជាជាតិភ្ជួរអាសនៈកម្ពុជានៅអង្គការ សហប្រជាជាតិថែមទៀត។ ប៉ុន្តែផែនការទុច្ចរិតរបស់ សម រង្ស៊ី នេះនឹងស្គាល់តែបរាជ័យយ៉ាងអាម៉ាស់បំផុត ព្រោះសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិធ្វើការដោយឈរនៅលើគោលការណ៍ច្បាប់ ជាមូលដ្ឋាន។ រដ្ឋសភាថ្មី និងរាជ រដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបន្តតួនាទីជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានប្រកាសអបអរសាទរពីសំណាក់ប្រទេសជាច្រើននៅលើ សកលលោក។
អ្វីដែលសម រង្ស៊ី កំពុងធ្វើគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយត្រដរខ្យល់តែប៉ុណ្ណោះ ហើយក៏លែងដឹងខុសត្រូវដែរព្រោះខ្លួនជាអ្នកនយោបាយវង្វេងជាតិជាខ្មែរ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨


No comments:

Post a Comment