Friday, August 03, 2018

ចៅហ្វាយក្រុងនៃសហរដ្ឋអាមេរិកមួយរូប លើកឡើងថា ពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ បានចេញទៅបោះឆ្នោត ដែលចំនួននេះច្រើនជាងប្រទេសមួយចំនួន នៅលើសកលលោកទៅទៀត

លោក អេដវើដ វៀលសុន (Edward Wilson) ជាចៅហ្វាយក្រុង ស៊ីកនីលហីល (Signal Hill) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឱកាសលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ លោកបានសម្តែងការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើន លើសលប់ នៃប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿទុកចិត្ត។
ខណៈដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចៅហ្វាយក្រុងរូបនេះ បានលើកឡើងថា ចំនួនដ៏ច្រើន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោតនេះ គឺមានចំនួនច្រើនជាងប្រទេស មួយចំនួន ក្នុងពិភពលោកទៀតផង។នៅក្នុងជំនួបនោះលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក អេដវើដ វៀលសុន នៅកម្ពុជា ចំពេលដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ថ្មីៗនេះ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកស្រីបានថ្លែងទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ មានគណបក្សនយោបាយ ចំនួន២០ចូលរួមប្រកួតប្រជែង ដែលនេះបានបង្ហាញថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ ដែលការបោះឆ្នោត បានដំណើរការទៅយ៉ាងរលូន ហើយមានប្រជាពលរដ្ឋជាង៨២% បានអញ្ជើញទៅ បោះឆ្នោត ដើម្បីបញ្ចេញនូវសិទ្ធិ និងឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលពួកគាត់ជឿជាក់ ស្រឡាញ់ និងពេញចិត្ត។ ទន្ទឹមនឹងនេះដែរ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិច្រើន លើសលប់ វាយតម្លៃថាជាការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។
ជាការឆ្លើយតបវិញលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថានៅក្នុងឱកាសដែលរូបលោកស្នាក់នៅកម្ពុជា លោកបានទៅទស្សនកិច្ចនៅតាមខេត្តជាច្រើន ហើយប្រជាជនកម្ពុជា មានការរស់រាយរាក់ទាក់ចំពោះភ្ញៀវ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។
ទាក់ទងទៅនឹងការបោះឆ្នោតលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថារូបលោកបានឃើញប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើស អ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿជាក់ ជាងប្រទេសមួយចំនួន នៅលើសកលលោក។

នៅក្នុងឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានស្នើឲ្យលោក អេដវើដ វៀលសុន សូមជួយពាំនាំការពិតពីកម្ពុជា ទៅជំរាបជូនដល់ប្រជាពលរដ្ឋ ដែលរូបលោករស់នៅផងដែរ ៕



No comments:

Post a Comment