កណ្តាល៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានជំរុញឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យមើលស្ថានភាពក្នុងការពង្រីកបន្ថែមទៀត នៅសេវារថយន្តក្រុងសាធារណៈ ទៅតាមតំបន់ផ្សេងៗទៀត ដែលមានកម្មករ កម្មការនីធ្វើការច្រើន ដូចជាតំបន់តាខ្មៅ ឬតំបន់ដទៃទៀត ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានសេវាធ្វើដំណើរជិះរថយន្តដោយឥតគិតថ្លៃ។
ការជំរុញរបស់លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា «ខាងក្រុមហ៊ុនដែលគ្រោងបង្កើនមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីនេះ ស្រុកអង្គស្នួល គាត់បានធ្វើសំណើរដើម្បីឲ្យមានការតភ្ជាប់រថយន្តក្រុងបន្ថែម៤គីឡូម៉ែត្រទៀត ពីតំបន់សេដ្ឋកិច្ចភ្នំពេញមកទីនេះ។ ម្សិលមិញនេះ សាលាក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ឲ្យដំណើរការរួចហើយ នូវរថយន្តក្រុងបន្ថែមទៀតរហូតមកដល់ត្រឹមនេះតែម្តង។ អីចឹងទេក្មួយជាកម្មករ កម្មការិនីនៅទីនេះ គឺនឹងទទួលបាននូវសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងរយៈពេលយ៉ាងតិច២ឆ្នាំទៀត»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងទៀតថា «ឥឡូវនេះយើងដាក់រថយន្តមួយចំនួន ប៉ុន្តែប្រសិនបើមានតម្រូវការលើសពីនេះ យើងនឹងបន្ថែមនូវចំនួនរថយន្ត ដូច្នេះកម្មករ កម្មការិនី យើងនៅទីនេះ អង្គស្នួល ក៏នឹងទទួលបានសេវារថយន្តក្រុងបន្ថែមទៀត ហើយឯកឧត្តម ឃួន ស្រេង ក៏កំពុងតែពិនិត្យស្ថានភាពតភ្ជាប់រថយន្តក្រុង ទៅតំបន់រោងចក្រដែលមាននៅតំបន់តាខ្មៅ និងអាចនៅតំបន់ដទៃទៀត ដែលអាចផ្តល់នូវឱកាសងាយស្រួលសម្រាប់កម្មករ កម្មការិនីរបស់យើង ដែលធ្វើការនៅតាមរោងចក្រនៅខាងក្រៅក្រុង នេះជាផ្នែកមួយ ដែលសូមផ្តល់សម្រាប់ក្មួយៗ ជាកម្មករ កម្មការិនីរបស់យើង»។
គួររំលឹកថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ បានប្រកាសឲ្យកម្មករ-កម្មការិនី ជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ការផ្តល់ជូននូវការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ទទួលបានការសាទរ និងពេញចិត្តយ៉ាងខ្លាំងពីកម្មករ កម្មការិនី។ លើសពីនេះមិនមែនតែកម្មករ កម្មការិនីនោះទេ ដែលទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃនោះ គឺមានសិស្សនិស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា កីឡាករ កីឡាការិនី និងកុមារកម្ពស់ក្រោម១ម៉ែត្រ ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃផងដែរ ៕
No comments:
Post a Comment