នាឱកាសនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចម្រើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថិរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
យោងតាមអនុក្រឹត្យលេខ២៣១អនក្រ.តត ចុះថៃ្ងទី២៧ខែ កុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសតែងតាំងលោក អម សុភា អតីតនាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមកលោក អម សុភា បានឡើងធ្វើការប្តេជ្ញាចិត្តថាលោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាមួយបណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។ ជាពិសេសរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចឱ្យបានល្អប្រសើរ យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។
លោក ប៉ាវ ហមផាន បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ចឱ្យខិតខំបំពេញភារកិច្ចឱ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ជាពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្រ្តីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍនៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

No comments:
Post a Comment