ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍សំណេះសំណាលដោយពាំនានូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការទាំងអស់ ព្រមទាំងជម្រាបជូនពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាការគិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈការគិតគូរនេះទើបរហូតមកដល់ពេលនេះប្រាក់បៀវត្សទាបបំផុតរបស់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការបានកើនឡើងជាលំដាប់រហូតដល់ជាង ១លានរៀល ហើយនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងខែមេសាខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសន្តិភាពដែលរកបានដោយលំបាកនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសន្តិភាពដែលយើងមិនដែលមានឡើយក្នុងរយៈពេលកន្លងមក ហើយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលអាចនាំយកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋយើងតាមរយៈការលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ហើយយកជីវិតទៅប្តូរ ចូលទៅចរចានៅក្នុងមូលដ្ឋានរបស់ទ័ពខ្មែរក្រហមដើម្បីបង្រួបង្រួមជាតិ ក្រោមនយោបាយឈ្នះៗ ដែលនាំឱ្យយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ ហើយថែរក្សា ការពារសន្តិភាពនោះរហូតមកដល់សព្វថ្ងៃ៕


No comments:
Post a Comment