ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីសំនួរចម្លើយចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួនជាង ២០០នាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាការសុវត្តិភាពចរារណ៍ផ្លូវគោកខេត្តព្រះវិហារ បានលើកឡើងថា មួកសុវត្ថិភាពស្តង់ដារជួយដល់អ្នកបើកបរម៉ូតូយ៉ាងច្រើន ជាពិសេសជួយការពារ និងសង្គ្រោះជិវិត និងពិការភាពរបស់អ្នកធ្វើដំណើរដោយម៉ូតូ។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្ដថា គ្រោះថ្នាកចរាចរណ៍ ជាឃាតកលាក់មុខដែលបានសម្លាប់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ កើតឡើងដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ លោកថា មហន្តរាយដ៏ធំធេងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោក អ៊ុន ចាន់ដា បានថ្លែងថា “ខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បើកបរម៉ូតូដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ ព្រោះគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា វាមិនដែលប្រកាន់ថា ទាល់តែផ្លូវឆ្ងាយ ទើបមានគ្រោះថ្នាក់នោះទេ”។
ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដោយពាក់មួកសុវត្ថិភាព ក៏ដូចជាការយកចិត្តទុកដាក់ចំពោះការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិទាំងមូល និងការរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា រដ្ឋមន្ត្រីក្រសួងសាធារណការ បានរិះរកគ្រប់មធ្យោបាយ ដើម្បីបានមួកសុវត្ថិភាព សម្រាប់ចែកជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
ក្នុងនោះដែរ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការសាកសួរអំពី “សំនួរចម្លើយ” ដល់ប្រជាពលរដ្ឋ និងចែកមួកសុវត្តិភាពជូនដល់ពលរដ្ឋ ដែលបើកបរម៉ូតូពុំពាក់មួកចំនួន ៧២មួក ផងដែរ៕
No comments:
Post a Comment