បន្ទាប់ពីលេចលឺព័ត៌មានប្រឌិតថា កិច្ចប្រជុំ អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តនៅប្រទេសអូស្ត្រាលីនាពេលខាងមុខ អាស៊ាន និងអូស្ត្រាលី នឹងគាបសង្កត់មកលើកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ក្នុងក្របខណ្ឌអាស៊ាន យើងក៏ជាសមាជិកដែលមានការទទួលខុសត្រូវ អាស៊ានមិនអាចបែកបាក់ដោយសារតែប្រទេសនៅខាងក្រៅតំបន់នោះទេ អាស៊ានត្រូវតែមានសាមគ្គីភាព ហើយអាស៊ានមានសាមគ្គីភាពទើបអាស៊ានអាចចេញសេចក្តីថ្លែងការណ៍ណាមួយ ឬចេញនូវក្របខណ្ឌឯកសារណាមួយមកសម្រាប់អាស៊ាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រី បានបន្តថា «យើងត្រូវការសហប្រតិបត្តិការជាមួយគេ គេក៏ត្រូវការសហប្រតិបត្តិការជាមួយយើងដែរ យើងជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិ គេក៏ត្រូវការយើងគាំទ្រគេ យើងក៏ត្រូវការគេគាំទ្រយើងនៅពេលបោះឆ្នោតម្តងៗ គេជាប្រទេសមួយមានសិទ្ធិប្រើប្រាស់ឆ្នោតមួយសន្លឹក យើងក៏មានសិទ្ធិប្រើប្រាស់មួយសន្លឹកឆ្នោត ដូច្នេះមិនមែនយើងពឹងតែគេទេ គេក៏ពឹងយើង»។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ការពិតទៅលើការប្រឌិតព័ត៌មានដូចដែលរៀបរាប់ខាងលើម្តងហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅដោយលោកបានមានប្រសាសន៍ថា « «រឿងអីបានជានាំគ្នានិយាយថា បន្តិចទៀត ហ៊ុន សែន ទៅអូស្ត្រាលីគឺគេហៅទៅគាប? នាយករដ្ឋមន្ត្រីនៃប្រទេសមួយ ដែលមានឯករាជ្យ ហើយគឺជាសមាជិកស្មើភាពស្មើសិទ្ធិ និងមានសិទ្ធិវេតូផងដែរ សេចក្តីថ្លែងការណ៍របស់អាស៊ានក៏ចេញមិនរួចដែរបើមានការបង្គាប់បញ្ជា ឬការធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមផ្តាំទុកឱ្យហើយទៅ!»៕
No comments:
Post a Comment