Tuesday, February 06, 2018

សិស្សវិទ្យាល័យក្នុងខេត្តព្រះសីហនុជិត១ពាន់នាក់ទទួលបានការបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីពនិងការសិក្សា

ការណែនាំពីជំនាញដល់សិស្សវិទ្យាល័យ ក្នុងការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឱ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់ សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវជាមួយតម្រូវការក្នុងទីផ្សារការងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែលកំពុងរៀននៅវិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។

ក្នុងរយៈពេលបួនថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០១៨ សិស្សវិទ្យាល័យប្រមាណជិត១ពាន់នាក់នៅវិទ្យាល័យចំនួន០៦នៃខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាលជំនាញទន់នៅក្នុងសិក្ខាសាលាស្តីអំពី «ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសម្រាប់សិស្សវិទ្យាល័យ» ដែលរៀបចំដោយមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ម៉ុច ចាន់ធឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ បានលើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញដល់សិស្សានុស្សសិស្សដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុ។ នេះគឺជាលើកទី១ហើយក្រោយពីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលការងារសម្រាប់ខេត្តមួយនេះ។ លោកស្រីលើកឡើងទៀតថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីណែនាំដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យឱ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស ឱ្យសមស្របសម្រាប់ពួកគាត់ ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគតនិងដើម្បីទទួលបានជោគជ័យក្នុងដំណើរការសិក្សារៀនសូត្រ។

លោកស្រី បានបន្ថែមទៀតថា ជាការពិតការសម្រេចចិត្តលើការជ្រើសរើសមុខវិជ្ជាសិក្សានៅថ្នាក់មហាវិទ្យាល័យនេះ មិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សានុសិស្សម្នាក់ៗត្រូវធ្វើការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានាមានដូចជា ការយល់ពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវពិនិត្យលើកត្តាទីផ្សារការងារដែលពា​ក់ព័ន្ធ និងតម្រូវការឬកង្វៈខាតនៃប្រភេទជំនាញពីភាគីនិយោជក។ ដូចនេះការរៀបចំផែនការអាជីពបានត្រឹមត្រូវនឹងជួយបង្កើនសក្តានុពលឲ្យចូលទីផ្សារការងារកាន់តែមានភាពងាយស្រួល។

ជាមួយគ្នានោះដែរ លោកនាយកសាលាទាំង៦ លើកឡើងដូចៗគ្នាថា វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្សក្នុងថ្នាក់វិទ្យាល័យឱ្យមានការសម្រេចចិត្តច្បាស់លាស់មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ពួកគាត់បន្តទៀតថា កន្លងមកការផ្តល់ការណែនាំដល់សិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងថ្នាលអប់រំចំណេះទូទៅកម្រិតមធ្យម ទុតិយភូមិ នឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺធ្វើតាមទម្លាប់ពោលគឺតាមរយៈការណែនាំពីក្រុមគ្រួសារ បងប្អូន ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយឱ្យច្បាស់លាស់នោះទេ តែមកដល់ពេលនេះ រាជរដ្ឋាភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់ពួកគាត់ឱ្យបានច្បាស់លាស់ គឺពិតជាបានជួយដល់ពួកគេឱ្យចាប់យកជំនាញអ្វី ដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច៕
No comments:

Post a Comment