លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងសុខាភិបាលគឺជាក្រសួងមួយដែលមានអាទិភាពខ្លាំងជាងគេដែលលោកតែងចូលរួមមហាសន្និបាត និងតែងតែទទួលបានការលើកទឹកចិត្ត ផ្តល់អនុសាសន៍ និងវិភាជថវិកាច្រើនជាងគេសម្រាប់វិស័យសុខាភិបាល។ លោកបន្ថែមថា សន្និបាតលើកទី១របស់ក្រសួងសុខាភិបាលធ្វើនៅសាលាពេទ្យដែលជាថ្ងៃដំបូងនៃការបើកសាលាពេទ្យ ហើយសាកលវិទ្យាល័យថ្នាក់ឧត្តមសិក្សាដែលបើកមុនគេ គឺបើកសាលាពេទ្យតែម្តង។ គណបក្សប្រជាជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពជាចម្បង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧កន្លងទៅនេះ គឺជាឆ្នាំដែលយើងបានដាក់ចេញនូវកម្មវិធីជាច្រើនទាក់ទងនឹងការគាំពារសង្គម ហើយឆ្នាំនេះគឺជាឆ្នាំដែលយើងត្រូវអនុវត្តន៍នូវចក្ខុវិស័យ នូវក្របខណ្ឌគោលនយោបាយនៃកិច្ចគាំពារសង្គមដែលត្រូវដាក់បញ្ចូលទៅក្នុងមូលនិធិសមធម៌ចំពោះកម្មករកម្មការិនីទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធប្រមាណជាង៣លាននាក់ទៀតផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើកិច្ចការនានាជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងឡាវ ដើម្បីស្នើសុំឱ្យមានសេវាសុខាភិបាលនៅតាមតំបន់ព្រំដែនដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីនោះតែម្តង ហើយក៏ត្រូវពង្រីកកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសជិតខាងថែមទៀតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។
គួរបញ្ជាក់ថា កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែលើកទឹកចិត្តចំពោះគ្រូពេទ្យដោយការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំ ការអនុញ្ញាតិឱ្យវេជ្ជបណ្ឌិតប្រឡងចូលក្របខណ្ឌដោយមិនគិតអាយុ និងបានណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវគោរពវិជ្ជាជីវៈ មិនត្រូវព្រងើយកន្តើយដាក់អ្នកជំងឺឡើយ។ លើសពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំជំនួយ និងគ្រឿងបរិក្ខារពេទ្យពីប្រទេសនានាផងដែរដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕

No comments:
Post a Comment