លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានថ្លែងអំ ណរគុណដល់ភាគីអន្តរជាតិនានាដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាពដោះមីននៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដីធ្លី ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានថ្លែងកោតសរសើរផងដែរដល់ប្រ តិបត្តិករបោសសំអាតមីនជាតិ និងអន្តរជាតិដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្តធ្វើការរំដោះផ្ទៃដីសម្រាប់បង្កបង្កើនផលនៅក្នុងវិស័យកសិកម្មនាពេលកន្លងមក។
លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ថ្មីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានបញ្ជាក់ថា កន្លងមកសកម្មភាពកំចាត់មីននៅកម្ពុជាទទួលបានសមិទ្ធិផលធំធេងណាស់ដែលបានរំដោះដីជូនប្រជាពលរដ្ឋក្រីក្រដើម្បីបង្កបង្កើនផល ប្រែក្លាយពីដីដែលគ្រោះថ្នាក់ទៅជាដីដែលធ្វើស្រែចំការបាន ក្លាយទៅជាដីដែលនាំចំណូលជូនពួកគាត់ដើម្បីកសាងជីវភាពរស់នៅ។ លោកបន្តថាការងារដែលនៅសេសសល់ជាបន្តទៀតគឺការបោសសំអាតមីនឱ្យអស់នៅលើទឹកដីកម្ពុជាយើងដោយត្រូវបញ្ចប់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។
លោកទេសរដ្ឋមន្រ្តី លី ធុច ក៏បានបញ្ជាក់ថា នឹងខិតខំគៀងគរធនធានហិរញ្ញវត្ថុពីប្រទេសជាមិត្ត សហគមន៍ផ្តល់ជំនួយដែលកន្លងមករួមមាន ជប៉ុន អាមេរិក កាណាដា អូស្រ្តាលី ចិន ។ល។ រួមជាមួយរាជរដ្ឋាភិបាលរបស់យើងដែលបានផ្តល់នូវកញ្ចប់ថវិកាដល់មន្រ្តីរាជការដើម្បីបន្តធ្វើកិច្ចការនេះឱ្យបានចប់ជាស្ថាពរនៅឆ្នាំ២០១៥ ដែលយើងបានខិតខំប្រឹងប្រែងជាង២៥ឆ្នាំកន្លងមកហើយ៕


No comments:
Post a Comment