Friday, December 22, 2017

ចៅក្រមស៊ើបសួរនឹងបន្តសួរចម្លើយ លោក កឹម សុខា បន្ថែមទៀតពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ

នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំ​បូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុងបន្តទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។ មន្រ្តីជាន់ខ្ពស់របស់តុលាការ បានបញ្ជាក់ឱ្យដឹងថា ការសួរចម្លើយនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីការសួរចម្លើយ កាលពីថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០១៧​ មិនទាន់បញ្ចប់។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។ លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕


No comments:

Post a Comment