លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ទង្វើក្បត់ដែលតពីឪពុកមកដល់កូន គឺបានបង្ហាញតាមរយៈការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ លោកបន្តថា បើសិនជាកងទ័ពបះបោរមែននោះ សួរថា មានអ្វីដែលវានឹងកើតឡើង? គឺសង្រ្គាមវានឹងផ្ទុះឡើង តើអ្នកទាំងអស់គ្នាបានទទួលផលអ្វីខ្លះ? លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការងារ ឬលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ វាមិនចាប់កំណើតក្នុងផ្ទៃនៃសង្រ្គាមទេ វាចាប់កំណើតក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានទៅជនក្បត់ជាតិថា អ្នកឯងស្គាល់សភាពការណ៍កម្ពុជាតិចពេកហើយ, ស្គាល់កម្លាំងប្រដាប់អាវុធនៅកម្ពុជាតិចពេកហើយ ហើយអ្នកស្គាល់ប្រជាជនកម្ពុជាតិចពេកហើយ។ ប្រជាជនកម្ពុជា បើទោះបីនៅលំបាកប៉ុន្តែប្រជាជាតិមួយនេះ ស្រឡាញ់សុខសន្តិភាព នឹងមិនលុះទៅដោយអំពើញុះញង់អកុសលរបស់អ្នកទេ។ លោក ហ៊ុន សែន បានលើកឡើងថា សូមមើលអតីតកាលរបស់យើង ជីដូនជីតា និងឪពុកម្តាយរបស់យើង បានឆ្លងកាត់រឿងរ៉ាវវេទនាច្រើនណាស់ ទម្រាំមានឱកាសដូចសព្វថ្ងៃនេះ៕

No comments:
Post a Comment