លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខេត្តកែបនាពេលបច្ចុប្បន្ន មានស្ថានភាពខុសគ្នាដាច់ស្រឡះពីខេត្តកែប ដែលទើបបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលត្រូវបំបែកចេញពីខេត្តកំពត។ ស្ថានភាពខេត្តកែបពេលនេះ និងពេលនេះខុសគ្នាស្រឡះ ហើយបើប្រៀបធៀបកាលពីឆ្នាំ១៩៧៩ និងរហូតមកដល់បច្ចុប្បន្ន គឺវាកាន់តែដាច់ឆ្ងាយគ្នាតែម្តង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា មិនមែនតែខេត្តកែបនោះទេ គឺ សន្តិភាពបានផ្តល់ឱ្យយើងគ្រប់យ៉ាង ប៉ុន្តែអវត្តមាននៃសន្តិភាពដែលយើងកើតមាននៅឆ្នាំ១៩៧០ ដែលកម្ពុជាពោរពេញដោយសង្រ្គាម ពេលនោះ មានតែការបាត់បង់តែប៉ុណ្ណោះ ប្រជាជនត្រូវរត់ចោលដីធ្លី រត់ចោលផ្ទះសម្បែង រត់ចោលសាលារៀន។ យើងចាប់ផ្តើមរួមគ្នាធ្វើដំណើរពីស្ថានភាពលំបាកលំបិន។ បើយើងក្រឡេកមើលវិស័យអប់រំវិញ ក្រឡេកមើលគ្រូបង្រៀនរបស់យើង បានដឹកដៃយើងទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ ឪពុកម្តាយយើងបានទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ មិនមែនគ្រាន់តែការខ្វះអគារសិក្សា ខ្វះសាលារៀននោះទេ ក៏ប៉ុន្តែសូម្បីតែការទាក់ទងនឹងជីវភាពរស់នៅដែលពេលនោះរៀនដូរអង្ករ បន្ទាប់មករៀនដូរមុខទំនិញ៩មុខដើម្បីការរស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កាត់ធ្ងន់ថា មិនមែនតែតំបន់កែប ឬកំពតនេះទេ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់សមរភូមិចុងក្រោយ ក៏បានក្លាយទៅជាតំបន់អភិវឌ្ឍអស់ហើយ ហើយលោកក៏បានសាងសង់អគារសិក្សានៅក្នុងតំបន់ទាំងនោះផងដែរដើម្បីបម្រើដល់វិស័យអប់រំផងដែរ៕

No comments:
Post a Comment