Thursday, November 23, 2017

តាមរយៈសមាគមមិត្តភាពកម្ពុជា-ថៃ គឺបានជួយឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រីកចម្រើនទ្វេឡើង

ថ្លែងក្នុងកិច្ចប្រជុំសមាគមមិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សមាគមមិត្តភាពកម្ពុជា-ថៃ បានជួយឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនលូតលាស់ទ្វេឡើង។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ទោះបីជាកន្លងមកសកម្មភាពមិនបានខ្លាំងក៏ដោយ សមាគមទាំងពីរនេះ បាននាំឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ បានលូតលាស់ជាបន្ដបន្ទាប់។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបន្តឱ្យដឹងថា នៅដំណាក់កាលកន្លងមកឃើញថា ការដោះស្រាយ បញ្ហាពលករ, ការដោះស្រាយបញ្ហានៅតាមព្រំដែន, និងបញ្ហានៃការដឹកជញ្ចូនគ្រប់បែបយ៉ាងទាំងអស់ ត្រូវបានដោះស្រាយដោយមានការរីកចម្រើនជាបន្ដបន្ទាប់ ហើយទំនិញទាំងឡាយ ដែលមានការកក់ស្ទះ មួយចំនួន ត្រូវបានសម្រួលយ៉ាងល្អប្រសើរ។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានគូសបញ្ជាក់ដែរថា តាមរយៈសមាគមកម្ពុជា-ថៃនេះ ពលកររបស់ កម្ពុជា ត្រូវបានថៃជួយសម្រួលជាបន្ដបន្ទាប់ឱ្យក្លាយជាពលករស្រប់ច្បាប់។

លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា ទោះបីជាកន្លងមកកម្ពុជា-ថៃមានភាព មិនចុះសម្រុងនឹងគ្នា យ៉ាងណាក៏ដោយ ប៉ុន្ដែបច្ចុប្បន្ននេះត្រូវបានលុបលាងជាបន្ដបន្ទាប់ និងនាំមកនូវភាពល្អូកល្អើន និងបានដោះស្រាយបញ្ហាជាមួយគ្នាយ៉ាងប្រពៃក្នុងរយៈពេលកន្លងមក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសមាគមមិត្តភាពកម្ពុជា-ថៃ កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ថៃ និងដើម្បីពង្រឹង និងពង្រីកទំនាក់ ទំនងលើគ្រប់ផ្នែក រួមទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ កសិកម្ម វប្បធម៌ ទេសចរណ៍ កីឡា អប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមកិច្ចផងដែរ។ សមាគមនេះ ក៏មានភារកិច្ចរៀបចំគម្រោង និងកម្មវិធីសហ ប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ ទស្សនកិច្ចសិក្សាស្រាវជ្រាវ ចែករំលែកបទពិសោធន៍ ពង្រឹងប្រព័ន្ធទំនាក់ទំនង និងធ្វើរបាយការណ៍ ពីសកម្មភាពដាក់ជូនរដ្ឋាភិបាលជាដើម។

សម្រាប់ខាងកម្ពុជា សមាគមមិត្តភាពកម្ពុជា-ថៃ មានលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ជាប្រធាន និង លោក លី យ៉ុងផាត់ ជាអនុប្រធាន។ សមាគមនេះបានដើរតួនាទី ជាគណៈកម្មាធិការអន្តរក្រសួងសម្រាប់ ទំនាក់ទំនង កម្ពុជា-ថៃ ដែលមានសមាជិកជាង៧០រូប រាប់បញ្ចូលទាំងទីប្រឹក្សាផងដែរ ដែលជារដ្ឋមន្រ្តីមកពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងកសិកម្ម, រដ្ឋមន្រ្តីក្រសួងបរិស្ថាន, និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងរដ្ឋលេខាធិការក្រសួងការបរទេស។ ទីប្រឹក្សាផ្សេងទៀត មានអភិបាលខេត្តបាត់ដំបង, កោះកុង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, និងព្រះវិហារ។

សមាជិកចំនួន៣៥រូប ក្នុងនោះក៏រួមមានថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនផងដែរដូចជា លោក គិត ម៉េង, លោក កុក អាន, លោក ពុង ខៀវសែ, លោក ឡាវ ម៉េងឃីន និងលោក អាន ម៉ាឌី ជាដើម។ សមាគមនេះ មាន អគ្គលេខាធិការដ្ឋានមួយជាសេនាធិការ ដែលមានសមាជិកចំនួន៦រូប។ សមាគមមិត្តភាពកម្ពុជា-ថៃ ក៏មានសិទ្ធិ ប្រើប្រាស់ថវិកា ដោយឡែករបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី និងមានសិទ្ធិទទួល និងចាត់ចែងប្រើប្រាស់តាមនីតិវិធី ច្បាប់ជាធរមាននូវធនធាន និងមូលនិធិដែលបានមកពីប្រភពផ្សេងៗទៀត សម្រាប់ដំណើរការការងាររបស់ខ្លួន៕






No comments:

Post a Comment