លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពីមុន គេឃើញថាជាទីតាំងនៃសមរភូមិ និងជាទីតាំងនៃវាលពិឃាត និងជាទីតាំងនៃសមរភូមិវាយប្រហារគ្នា ប៉ុន្តែឥឡូវ គឺជាកម្ពុជាមួយដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ ប្រទេសកម្ពុជាមួយដែលញាំញីដោយភាពក្រីក្រ១០០% យើងបន្តនូវការខិតខំទម្លាក់អត្រានៃភាពក្រីក្រ ឱ្យមកនៅត្រឹមប្រមាណ១៣%។ កម្ពុជាពីមុន ជាប្រទេសដែលមានប្រាក់ចំណូលទាប ក៏ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆិតាសម្រេចឱ្យបានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆិតា រាប់ទាំងគោលដៅដាក់ចេញជាផែនការ ផែនទីចង្អុលផ្លូវសម្រាប់ការលូតលាស់ប្រទេសរបស់យើងនៅក្នុងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ នេះជាគោលដៅប្រកបដោយមហិច្ឆិតា ប៉ុន្តែដោយសារការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះមានការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អភិវឌ្ឍឈានឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូមមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានការអភិវឌ្ឍ គឺតម្រូវឱ្យមានធនធានមនុស្សគ្រប់គ្រាន់ និងបម្រើគ្រប់វិស័យ និងអនុវិស័យទាំងអស់ ទើបអាចក្លាយជាប្រទេសដែលមានការអភិវឌ្ឍបែបនេះ៕

No comments:
Post a Comment