នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗកម្មករនិយោជិត និងឱពុកម្តាយរបស់ពួកគេនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យលោកមានឱកាសធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការដែលក្មួយៗកម្មករមានសព្វថ្ងៃ ប្រាក់ចំណូលដែលទទួលបានសព្វថ្ងៃ បើទោះបីជាមិនទាន់សមស្របនឹងការចង់បានរបស់យើងក៏ដោយ ក៏ប៉ុន្តែវាបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ជំនួបថ្ងៃនេះ ក៏បានបញ្ជាក់ពីការរីកលូតលាស់ ក៏ដូចជាស្ថិរភាពរបស់ប្រទេសយើង។ កម្ពុជា បានចេញដំណើរពីស្ថានភាពលំបាកលំបិន ពីស្ថានភាពខ្វះមុខខ្វះក្រោយ ហើយពីស្ថានភាពដែលប្រាក់ឈ្នួលពេលនោះទាបខ្លាំងណាស់។ ក្នុងដំណាក់កាលដំបូងកម្ពុជាមានរោងចក្រមួយចំនួន ដែលសេសសល់ពីរបបប៉ុល ពត ដល់ពីការបំផ្លាញដោយរបបប៉ុល ពត តែក៏ជាសមិទ្ធផលដែលបានបន្សល់ទុកដោយស្នាព្រះហស្ថរបស់សម្តេចឱ សម្តេចតា សម្តេចតាទួត សល់ពីគ្រាប់បែកដែលទម្លាក់បំផ្លាញរោងចក្រទាំងនោះក៏បានប្រែក្លាយជាទីតាំងថ្មីៗដូចសព្វថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តទៀតថា កម្ពុជាចាប់ផ្តើមពីស្ថានភាពដែលមានប្រជាជន ត្រឹមតែ៥លាននាក់ តែឥឡូវប្រជាពលរដ្ឋយើងកើនឡើងជាង១៥លាននាក់រួចស្រេចទៅហើយ។ ដូចនេះវាមានតម្រូវការខ្លាំងណាស់ជាមួយនឹងការបង្កើតទីផ្សារថ្មីៗ ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋយើង។ នៅពេលកំណើនប្រជា ជនកើនឡើង ក៏មានតម្រូវការកើនឡើងនៃស្បៀងអាហារ សាលារៀន មន្ទីរពេទ្យ និងតម្រូវការផ្សេងៗទៀត ដែលនោះហើយជាបញ្ហានៃការដោះស្រាយរបស់យើងដែលមិនចេះចប់មិនចេះហើយនោះទេ៕
No comments:
Post a Comment