ក្នុងខណៈដែលការយកចិត្តទុកដាក់ភាគច្រើនលើសណ្តាប់ធ្នាប់នុយក្លេអ៊ែររបស់អាស៊ីត្រូវបានផ្តោតតែលើឧបទ្វីបកូរ៉េនោះ កម្មវិធីអាវុធនុយក្លេអ៊ែរដែលកាន់តែជឿជាក់របស់ក្រុងព្យុងយ៉ាងនោះគឺគ្រាន់តែចំណុចតូចមួយប៉ុណ្ណោះ។ តំបន់មួយដែលធ្លាប់តែត្រូវបានចាត់ទុកថា ជាកន្លែងគ្រប់គ្រងនុយក្លេអ៊ែរនោះហាក់បីដូចកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ ពេលវេលាក្នុងការពិចារណាយ៉ាងហ្មត់ចត់អំពីទស្សនៈក្នុងការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាស៊ីបានឈានមកដល់ហើយ។
គម្រោងធ្វើទំនើបកម្មដែលកំពុងកើតមាននៅក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់គឺជាស្នូលនៃសក្តានុពលនុយក្លេអ៊ែរបច្ចុប្បន្នរបស់អាស៊ី។ នេះគឺមិនត្រឹមតែការដាក់ជំនួសប្រព័ន្ធអាវុធចាស់ៗប៉ុណ្ណោះទេ។ គម្រោងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរទាំងនេះនឹងផ្តល់ឲ្យប្រទេសទាំងនោះនូវរយៈចម្ងាយគ្រាប់មីស៊ីលកាន់តែឆ្ងាយ បច្ចេកវិទ្យាក្បាលគ្រាប់កាន់តែទំនើប នាវាមុជទឹកបំពាក់នុយក្លេអ៊ែរកាន់តែច្រើនដែលកំពុងល្បាតផ្លូវទឹករបស់អាស៊ី និងក្នុងករណីខ្លះ មានឃ្លាំងអាវុធកាន់តែធំទៀតផង។ ការរីកចម្រើនដល់ឃ្លាំងអាវុធរបស់ប្រទេសធំៗដូចជាអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន រួមទាំងការរីកចម្រើនសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ បានបង្ហាញពីអនាគតនុយក្លេអ៊ែរផ្សេងមួយសម្រាប់តំបន់នោះ។
ស្ថិរភាពក្នុងទំនាក់ទំនងនុយក្លេអ៊ែរក៏ត្រូវបានជួបប្រទេះដោយការកើនឡើងនៃភាពមានប្រៀបនៃអាវុធទំនើបៗ។ អាមេរិកធ្លាប់ជាប្រទេសតែមួយគត់លើបច្ចេកវិទ្យាអាវុធទំនើបៗដូចជាការការពារគ្រាប់មីស៊ីលអន្តរទ្វីប គ្រាប់មីស៊ីលសម្រាប់វាយប្រហារ និងសមត្ថភាពប្រឆាំងផ្កាយរណបនិងអ៊ីនធឺណិត ដែលទាំងអស់នោះបូកបញ្ចូលគ្នាអាចធ្វើឲ្យមានអតុល្យភាពរបស់អាវុធនុយក្លេអ៊ែរទៅហើយ។ ប៉ុន្តែ ការប្រណាំងប្រជែងកំពុងតែកើនឡើងនៅចិន រុស្ស៊ី និងឥណ្ឌាថែមទៀតដើម្បីបន្ថយការនាំមុខរបស់វ៉ាស៊ីនតោន។
ទោះបីជាតួនាទីសំខាន់ដែលកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធបានដើរតួក្នុងការកាត់បន្ថយការគំរាមកំហែងពីនុយក្លេអ៊ែរពិភពលោកនៅអតីតកាលក៏ដោយ ក៏មនុស្សជាច្រើនបានកត់សម្គាល់អំពីការខ្វះកិច្ចព្រមព្រៀងផ្លូវការរវាងរដ្ឋមានអាវុធនុយក្លេអ៊ែរនៅអាស៊ីដែរ។ ពេលវេលាបានមកដល់សម្រាប់ការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ក្នុងការគ្រប់គ្រងអាវុធនៅយុគ្គថ្មីនេះ។ នៅមុនពេលមានការផ្តួចផ្តើមគំនិតណាមួយឡើង ការមូលមតិគ្នាមានភាពចាំបាច់លើថា តើសណ្តាប់ធ្នាប់នុយក្លេអ៊ែរប្រកបដោយស្ថិរភាពនៅអាស៊ីគួរតែមានលក្ខណៈដូចម្តេច? មានចំណុចលេចធ្លោរចំនួន ៣ គឺ៖
ទីមួយ តើតួអង្គមួយណានឹងត្រូវតែជាអ្នកចាប់ផ្តើមដំបូងគេ? ទោះបីជាមានការកាត់បន្ថយគួរសមចាប់ពីសង្គ្រាមត្រជាក់ក៏ដោយ ក៏អាមេរិក និងរុស្ស៊ីនៅតែមានចំនួនច្រើនជាងរដ្ឋផ្សេងទៀតក្នុងចំនួនអាវុធក្នុងឃ្លាំងរបស់គេ។ ការរីកចម្រើនលើការគ្រប់គ្រងអាវុធនៅអាស៊ីហាក់ដូចជានៅតែភ្ជាប់ទៅនឹងទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។ បើគ្មានការរីកចម្រើនបន្ថែមលើការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ីទេ ចិនមិនទំនងជាចូលរួមក្នុងភាគីនោះទេ។ ទោះបីចិនចូលរួម ក៏ឥណ្ឌានូវតែដើរអូសជើងដោយសារតែភាពរីកច្រើននុយក្លេអ៊ែររបស់ប៉ាគីស្ថាន។
ទីពីរ តើគោលការណ៍នៃភាពងាយរងគ្រោះទៅវិញទៅមកនៅតែបង្អាក់ទំនាក់ទំនងនុយក្លេអ៊ែរនៅគ្រប់ដំណាក់កាលនៃការចរចាលើការគ្រប់គ្រងអាវុធមែនទេ? សំណួរនេះគឺស្ថិតនៅលើទំនាក់ទំនងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិក និងចិន ព្រមទាំងការឆ្លើយតបទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាមេរិក និងចិន គួរតែមានការកត់សម្គាល់អំពីការកើនឡើងការបន្ទររបស់អ្នកវិភាគដែលព្រមានថា គោលនយោបាយភ្លោះរបស់ចិននៃ “ការមិនប្រើមុនគេ” និងជំហរនៃ “ការទប់ស្កាត់អប្បរមា” អាចផ្លាស់ប្តូរនៅពេលឆាប់ៗនេះ។ នេះកើតចេញពីការគ្មានឆន្ទៈរបស់វ៉ាស៊ីនតោនក្នុងការទទួលយកទំនាក់ទំនងនៃភាពងាយរងគ្រោះទៅវិញទៅមកជាមួយប៉េកាំង។
គោលនយោបាយការពារមីស៊ីលអន្តរទ្វីបដាច់ដោយឡែក និងការពិនិត្យឡើងវិញអំពីជំហរលើនុយក្លេអ៊ែរដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ននៅអាមេរិកនោះបានផ្តល់ឱកាសក្នុងការគិតគូយ៉ាងប្រុងប្រយ័ត្នអំពីបញ្ហានេះ។ ការទាត់ចោលរបស់រដ្ឋបាល ត្រាំ អំពីកង្វល់របស់ចិនលើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូងនោះគឺជាសញ្ញាដំបូងដែលថា ឱកាសនេះនឹងអាចបាត់បង់។ កង្វល់របស់ប៉េកាំង ដែលបន្ទរដោយក្រុងមូស្គូ គឺពាក់ព័ន្ធភាគច្រើនលើអ្វីដែលប្រព័ន្ធការពារគ្រាប់មីស៊ីលនោះបង្ហាញជាសញ្ហានៃភាពស្ទាក់ស្ទើរបស់វ៉ាស៊ីនតោនក្នុងការទទួលភាពងាយរងគ្រោះទៅវិញទៅមក។
ភាពងាយរងគ្រោះនោះក៏ជាចំណុចស្នូលដល់ការជជែកដេញដោលលើថា តើវាដល់ពេលក្នុងការទទួលយកកូរ៉េខាងជើងយ៉ាងស្ទាក់ស្ទើមកធ្វើជារដ្ឋមានអាវុធនុយក្លេអ៊ែរ។ ដោយខ្វះការចរចាផ្ទាល់ ការបង្កើតទំនាក់ទំនងទប់ស្កាត់រវាងវ៉ាស៊ីនតោន និងព្យុងយ៉ាងគឺគ្រាន់តែជាវិធីមួយប៉ុណ្ណោះក្នុងការដាក់កម្រិតលើទំហំនៃឃ្លាំងអាវុធរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ ទំនាក់ទំនងនេះនឹងកាន់តែមានដំណើរការ ប្រសិនបើវ៉ាស៊ីនតោនទទួលយកកម្រិតខ្លះនៃភាពងាយរងគ្រោះ។ បើមិនអញ្ចឹងទេ គ្មានមូលហេតុអ្វីដែលក្រុងព្យុងយ៉ាងជឿថា វ៉ាស៊ីនតោនមិនបញ្ឈប់ផែនការវាយប្រហារនោះទេ។
ទីបីគឺកម្រិតដែលចំណងរវាងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរនោះអាចត្រូវទទួលស្គាល់ជាផ្លូវការក្នុងការផ្តួចផ្តើមការគ្រប់គ្រងអាវុធ។ ប្រសិនបើអាវុធធម្មតាទំនើបរបស់សត្រូវគំរាមដល់ភាពជឿជាក់នៃសមត្ថភាពវាយប្រហាររបស់រដ្ឋមួយ ចេតនាក្នុងការបង្កើនសមត្ថភាពនុយក្លេអ៊ែរនោះបានកើនឡើងក្នុងទំនាក់ទំនងអន្តរជាតិដូចដែលអ្នកស្រាវជ្រាវបានលើកឡើងជាយូរមក។
អញ្ចឹង សំណួរនោះគឺថា តើការផ្តួចផ្តើមគំនិតថ្មីនោះមានគោលដៅក្នុងការនាំយកមហាអំណាចនុយក្លេអ៊ែររបស់អាស៊ីឲ្យស្ថិតក្នុងក្រុមគ្រប់គ្រងអាវុធនោះអាចដោះស្រាយបញ្ហានេះដោយរបៀបណា? សន្ធិសញ្ញាប្រឆាំងគ្រប់មីស៊ីលនោះបានបង្ហាញថា ការដោះស្រាយការភ្ជាប់ចំណងរវាងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរតាមការយៈការគ្រប់គ្រងអាវុធនោះអាចកើតមានឡើងជាទ្រឹស្តី។ អាស៊ីអាចផ្តល់នូវការសាកល្បងជាយថាហេតុថា តើរឿងនេះនឹងអាចទៅរួចម្តងទៀតដែរឬទេ?
ការស្វែងរកការមូលមតិគ្នាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅអាស៊ីនឹងមិនងាយស្រួលនោះទេ ជាពិសេសនៅពេលការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ថែមទៀតទំនងជានៅតែបន្តអូសបន្លាយពេល និងបង្វែចំណាប់អារម្មណ៍នោះ។ ប៉ុន្តែសារៈសំខាន់នៃក្រុមការងារនោះមិនទាត់ចោលនូវការសន្យាអំពី “សតវត្សរ៍អាស៊ី” នោះអាស្រ័យលើការបង្កើតសណ្តាប់ធ្នាប់សន្តិសុខប្រកបដោយស្ថិរភាពមួយ។ បណ្តារដ្ឋមានអាវុធនុយក្លេអ៊ែរនៅអាស៊ីបានខិតខំជៀសវាងការចរចាគ្រប់គ្រងអាវុធផ្លូវការអស់រយៈពេលជាយូរមកហើយ។ ពេលវេលានោះបានមកដល់ទីបញ្ចប់ហើយនាពេលនេះ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៧
No comments:
Post a Comment