ថ្លែងក្នុងកិច្ចដោះស្រាយទំនាស់ដីធ្លី ទាំង២៤ករណីខាងលើនេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តបានជាង៣ឆ្នាំកន្លងមកនេះ បានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង១៤០ករណីមកហើយ ជាក់ស្តែងនៅពេលថ្មីៗនេះ លោក បានបញ្ចប់ទំនាស់ដីធ្លី បាន៥ករណីផ្សេងគ្នា នៅស្រុកបាកាន ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
លោក បានថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃផ្សេងគ្នានេះ ប្រកបដោយប្រសិទ្ធភាពស្រប តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យភាគីទាំងសងខាង ត្រូវមានស្មារតីសហការចូលរួមដោះស្រាយ ដោយបើកចិត្តឱ្យទូលាយ និងនិយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធភាព និងជឿជាក់បំផុតបានធ្វើឱ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួលព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លីទាំង២៤ករណីផ្សេងគ្នានេះ ចាប់ពីពេលនេះតទៅ។
បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃពេញមួយថ្ងៃ របស់លោកអភិបាលខេត្ត ដែលបានដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច៕

No comments:
Post a Comment