ពិធីនេះមានការចូលរួមពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនអចលនទ្រព្យ សរុបប្រមាណ ២០០ នាក់។
សូមជម្រាបផងដែរថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ពីយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ដើម្បីឆ្លើយតបនឹងការវិវត្តនៃស្ថានភាពបច្ចុប្បន្ននិងតម្រូវការជាក់ស្តែង។ ការធ្វើបច្ចុប្បន្នកម្មនេះ គឺជាលើកទី៣ហើយចាប់តាំងពីឯកសារយុទ្ធសាស្ត្រទី១ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១។ គោលដៅចម្បងរបស់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥គឺសម្រេចឲ្យបានប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្ន ដែលផ្តល់លទ្ធភាពទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់៕

No comments:
Post a Comment