សម្តេចតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១៧នេះ រួមគ្នាធ្វើពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្ស។
ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍
និងសន្និបាតកោះពេជ្រ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ
ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា ក្នុងរយៈពេលជាង៣៨ឆ្នាំក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត, CPP នៅតែបន្តដឹកនាំ
និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅលើមាគ៌ាមួយដ៏ល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺរបងការពាររបបរាជានិយមដ៏រឹងមាំ
មិនអនុញ្ញាតឲ្យពួកប្រតិកិរិយាដ៏អសិរពិសណាមួយមកផ្តួលរំលំរបបរាជានិយមដូចឆ្នាំ១៩៧០នោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា
គឺជាគណបក្សនយោបាយដែលបានហែលឆ្លងនូវឧបសគ្គគ្រប់បែបយ៉ាង
ហើយតែងឈរនៅជាប់ជានិច្ចជាមួយប្រជាជន
ព្រមទាំងបានពុះពារផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩
នាំមកវិញនូវពន្លឺជាថ្មីសម្រាប់ជាតិ និងប្រជាជន។
- សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា
បានបន្តថា ក្នុងរយៈជាង ៣៨ឆ្នាំក្រោយការផ្តួលរំលំរបប ប៉ុល ពត គណបក្សប្រជាជនកម្ពុជា
បានប្រឹងប្រែងជម្នះឧបសគ្គបែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
ទាំងការហ៊ុមព័ទសេដ្ឋកិច្ចពីខាងក្រៅ។ សម្តេចបន្តថា ទោះមានឧបសគ្គធំៗយ៉ាងណា
ក៏គណបក្សប្រជាជនប្រឹងប្រែងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ។
- សម្តេចតេជោ
បានបន្ថែមថា បើគ្មានគណបក្សប្រជាជនកម្ពុជា
ជាកម្លាំងស្នូលប្រឹងប្រែងបង្រួមបង្រួមជាតិទេនោះ
គ្មានថ្ងៃចរចារសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ
ហើយក៏គ្មានរដ្ឋធម្មនុញ្ញនោះដែរ ដែលនេះជាសច្ចភាពប្រវត្តិសាស្ត្រ។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា ផ្តើមចេញកិច្ចចរចាសន្តិភាពនេះ គណបក្សប្រជាជនកម្ពុជា
តាមរយៈសម្តេចផ្ទាល់បានដាក់ចេញនយោបាយឈ្នះឈ្នះ
ឈានទៅបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាព
និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជន។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា កម្ពុជាកំពុងក្លាយពីប្រទេសមានចំណូលកម្រិតទាប
ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប
ហើយនឹងវិវឌ្ឍន៍ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
-
សម្តេចប្រមុខបក្សកាន់អំណាច បានប្រកាសប្តេជ្ញារក្សាសុខសន្តិភាព ដោយមិនឲ្យកម្លាំងនយោបាយអមិត្តទាំងឡាយណា
មកបំផ្លាញនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ
បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ហើយប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតដោយសេចក្តីថ្លៃថ្នូរ។ សម្តេចបន្តថា
ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ វាយតម្លៃថា
ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តធម៌។ សម្តេចតេជោថ្លែងថា ការបោះឆ្នោតនេះ
គឺជាជោគជ័យជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៃដំណើរការតាមរបបកម្ពុជាប្រជាធិបតេយ្យ
សេរី ពហុបក្ស។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា តាមរយៈជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សកាន់អំណាចមួយនេះ
នឹងនៅតែបន្តឈ្នះឆ្នោតដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨
ហើយក៏បានធ្វើឲ្យបរាជ័យនូវបំណងអាក្រក់របស់អ្នកចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមជាតិ
ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
ឲ្យកាន់តែរីកចម្រើន។
- សម្តេចតេជោ
បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបន្តរក្សាជំហរនិងការប្តេជ្ញាដ៏រឹងមាំក្នុងការថែរក្សាសុខសន្តិភាព
ដែលជាឃឿនសម្រាប់សេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ បានថ្លែងថា
គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវការលាបពណ៌
ជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ដែលជានាំឲ្យប្រទេសជាតិឈានទៅរកជម្លោះ
និងការបែកបាក់។
- សម្តេចតេជោ ហ៊ុន សែន
ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តសហការជាមួយគណបក្សនយោបាយ និងអង្គការដៃគូជាតិ
អន្តរជាតិ ដែលមានសុច្ចរិតភាព ដើម្បីរក្សានូវបរិយាកាសនៃការបោះឆ្នោតជាតិឆ្នាំ២០១៨
និងបង្កើនការជឿទុកចិត្តដល់អ្នកវិនិយោគ។
- សម្តេចតេជោ ក៏សង្ឃឹមថា
អង្គការអន្តរជាតិដទៃនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា
ដើម្បីរក្សាបាននូវមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការ
ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ត្រូវរួបរួមសាមគ្គី
និងការពារនូវសមិទ្ធិផលនាពេលបច្ចុប្បន្នដែលកើតចេញ ពីសុខសន្តិភាព។
សម្តេចបានរំលឹកសមាជិក សមាជិកាថា ការបែកបាក់ជាតិ និងសង្រ្គាមរ៉ាំរ៉ៃ ពីអតីតកាល
គឺបណ្តាលមកពីកំហុសធ្ងន់ធ្ងរធំបំផុតផ្នែកនយោបាយ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
មិនគិតពីប្រយោជន៍ជាតិ
ហើយត្រូវចងចាំមិនគន្លងប្រវត្តិសាស្រ្តដ៏ឈឺចាប់នេះវិលមកវិញនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា ដើម្បីឆ្លើយតបការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សមាជិក
សមាជិកាទាំងអស់ត្រូវផ្តល់ជូនប្រជាជនវិញ នូវការទទួលខុសត្រូវ
និងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ ហើយមន្រ្តីគណបក្សគ្រប់រូប
ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានឆ្ពោះទៅមុខ មិនអាចនៅរង់ចាំស៊ីកេរ្តិ៍ដ៏មោទនភាពពីអតីតកាលនោះទេ។
- សម្តេចតេជោ បានរំលេចថា
សុខសន្តិភាព និងវឌ្ឍនភាពនាពេលបច្ចុប្បន្ន
គឺបានកើតចេញពីកិច្ខខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា
ដោយបានយកជីវិតធ្វើជាដើមទុន និងពុះពារគ្រប់ឧបស័គ្គទាំងអស់។ សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនជំនាន់ ដែលស្គាល់តែភ្លើងសង្រ្គាម
និងស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាម។
- សម្តេចតេជោថា
ប្រវត្តិសាស្រ្ត គឺអ្នកឈ្នះជាអ្នកសរសេរ
ដូច្នេះមិនអនុញ្ញាតឲ្យអ្នកដទៃឈ្នះមកសរសេរប្រវត្តិសាស្រ្តនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា សម័យសង្គមរាស្រ្តនិយមសម្តេច នរោត្តម សីហនុ ជាអ្នកសរសេរប្រវត្តិសាស្ត្រ
តែក្រោយរបបសាធារណរដ្ឋរបស់លោក លន់ នល់ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត
ហើយចោទសម្តេចព្រះបិតាឯករាជ្យជាតិ ជាជនក្បត់ជាតិ។
- សម្តេចតេជោថា
តាមតឹកតាងប្រវត្តិសាស្រ្តនេះ គឺបានបង្ហាញថា អ្នកឈ្នះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត
ដូច្នេះមិនឲ្យអ្នកដទៃឈ្នះឆ្នោតដើម្បី សរសេរប្រវត្តិសាស្រ្តនោះឡើយ។ សម្តេចថា
បើអ្នកដទៃមានឱកាសសរសេរប្រវត្តិសាស្រ្ត គេឡើងតម្កើង សម សារី និងសឹង ងុកថាញ់
ដែលជាជនដែលសម្តេច នរោត្តម សីហនុ ថា ជាជនក្បត់ជាតិនោះ នឹងក្លាយជាវីរបុរសជាតិ
និងស្នេហាជាតិ ហើយសម្តេចនរោត្តម សីហនុ នឹងក្លាយជាជនក្បត់ជាតិជាថ្មីមិនខាន។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងអំពាវនាវឲ្យក្រសួងមហាផ្ទៃចាត់វិធានការទៅលើអង្គការសង្គមស៊ីវិល
នៃបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត
ដែលបានធ្វើការវាយប្រហារទៅលើស្ថានការណ៍បោះឆ្នោត និងគណៈកម្មាធិការជាតិបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិនិត្យថា
តើអ្នកមានទោសទណ្ឌអាចផ្សារភ្ជាប់ខ្លួនជាមួយគណបក្សនយោបាយបានដែរឬទេ? សម្តេចស្នើឲ្យសមាជិកសភាធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយពិនិត្យទៅលើបញ្ហានេះផងដែរ។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត គឺដើរស្របគ្នាជាមួយគណបក្សប្រឆាំង។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងរិះគន់ខ្លាំងៗដល់គណបក្សសង្រ្គោះជាតិ
ដែលម្ខាងប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត
និងម្ខាងបែរជាខោកក្បាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
- សម្តេចតេជោ ហ៊ុន សែន
បានថ្លែងនឹងស្មានមិនដល់ថា គណបក្សសង្រ្គោះជាតិ ដែលមិនទាន់ទាំងបានឈ្នះឆ្នោតផង
បែរជាមើលងាយដល់គណបក្ស នយោបាយតូចៗ។ សម្តេចអំពាវនាវដល់សមាជិក សមាជិកា
គណបក្សប្រជាជនកម្ពុជា មិនត្រូវមើលងាយទៅដល់គណបក្សតូចៗនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
ថ្លែងថា គណបក្សប្រជាជនកម្ពុជា
មិនទាន់បានបំពេញគ្រប់គ្រាន់តាមបំណងប្រាថ្នារបស់ប្រជាជន ហើយមន្រ្តីក៏មិនទាន់ល្អទាំងអស់នោះដែរ
ព្រោះហេតុនេះហើយទប់បក្សដាក់ចេញនូវគោលនយោបាយ និងការធ្វើកំណែទម្រង់ជាច្រើន។
សម្តេចតេជោ បានរិះគន់គណបក្សប្រឆាំងថា មិនមើលឃើញពីការប្រឹងប្រែង
និងខិតខំរបស់គណបក្សប្រជាជនកម្ពុជានោះទេ តែប្រឹងតែប្រមូលផ្តុំនូវកំហុសឆ្គងរបស់បក្ស។
សម្តេចតេជោ អំពាវនាវដល់សមាជិកទាំងអស់
មិនត្រូវឲ្យគេមកបំផ្លាញសន្តិភាពកម្ពុជាបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន
បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃដដែលនេះ
No comments:
Post a Comment